ភ្នំពេញ៖ កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣ លានបាត ត្រូវនឹងប្រមាណ ៣០ លានដុល្លារអាម៉េរិក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ក្នុងកិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ តំណាងដោយ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាងដោយ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA)។
ក្នុងនោះ លោក Perames Vudthitornetiraks លើកឡើងថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង ហើយផ្លូវជាតិលេខ ៦៧ នេះ គឺជាច្រកមួយដ៏សំខាន់ ក្នុងការបម្រើឱ្យគោលដៅនេះ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានលើកឡើងថា ការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវដ៏សំខាន់នេះ នឹងជួយធ្វើឱ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ហើយកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងចំណាយតិចជាងមុន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងអាចផ្តល់ជាឱកាសវិនិយោគ និងធុរកិច្ច និងចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។ ផ្លូវនេះនឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ។
លោក វង្សី វិស្សុត បន្ថែមទៀតថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណីទំនៀមទំម្លាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។
សូមជម្រាបជូនថា គិតត្រឹមឆ្នាំ២០២២ រាជរដ្ឋាភិបាលថៃបានផ្តល់ឥណទានសម្បទានដល់កម្ពុជាសរុបចំនួន ៣ ០១៩ លានបាត ដែលស្មើនឹងប្រមាណ ៨៦ លានដុល្លារអាម៉េរិកសម្រាប់អនុវត្តគម្រោងចំនួន ០៣ ក្នុងនោះ គម្រោងសាងសង់ផ្លូវឆ្លងកាត់ស្ទឹងបត់ និងផ្លូវចូលទៅកាន់គម្រោងផ្លូវជាតិលេខ៥ ដែលកំពុងដំណើរការ និងគម្រោងស្តារផ្លូវជាតិលេខ៦៧ នេះផងដែរ៕ ដោយ៖ សាន សៀងហៃ