អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងអញ្ជើញមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាអាស៊ាន-អង្គការសហប្រជាជាតិ

ភ្នំពេញ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ នៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានការិយាល័យ អ.ស.ប ដែលចេញផ្សាយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា បានឱ្យដឹងថា លោក António Guterres នឹងអញ្ជើញមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២ ហើយលោក នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដោយផ្តោតទៅលើនិន្នាការក្នុងតំបន់ និងពិភពលោក គ្រោះអាសន្ននៃបម្រែបម្រួលអាកាសធាតុ និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ គឺជារបៀបវារៈដ៏សំខាន់មួយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕
ដោយ៖ គង់ សេដ្ឋាមុនី