ភ្នំពេញ៖ ជាមួយនឹងការទទួលស្គាល់នូវភាពឆាប់រហ័ស និង ផលប្រយោជន៍នៃល្បឿនបរិវត្តកម្មឌីជីថលក្នុងវិស័យសង្គម-សេដ្ឋកិច្ចនាដំណាក់កាលចុងក្រោយនេះ, ជាពិសេសនៅក្នុងវិស័យអប់រំ, យើងក៏ត្រូវចាប់អារម្មណ៍ និងងាកទៅមើលលើផលវិបាកដោយផ្ទាល់ និងប្រយោលនៃការចាប់យកបច្ចេកវិទ្យាឌីជីថល ពីសំណាក់សិស្សានុសិស្ស, គ្រូបង្រៀន, និងគណៈគ្រប់គ្រងសាលារៀន ដើម្បីកាត់បន្ថយគម្លាតឌីជីថល និងហានិភ័យអនឡាញ (Online Risk) ផងដែរ។
កម្រិតជាមូលដ្ឋាននៃអក្ខរកម្មឌីជីថល គប្បីត្រូវបានលើកឱ្យខ្ពស់ជាងមុន ដើម្បីបង្កើនភាពត្រៀមខ្លួនរួចជាស្រេចនៃធនធានមនុស្សដែលត្រូវបានផលិតចេញពីវិស័យអប់រំ ឱ្យក្លាយជាពលរដ្ឋឌីជីថលពេញលេញ។ នេះជាការថ្លែងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល” នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណនៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា «សិស្សានុសិស្ស និង គ្រូបង្រៀន ត្រូវភ្ជាប់ខ្លួនទៅកាន់នវានុវត្តន៍នៃការអប់រំថ្មីៗ, មាតិកាឌីជីថល និង កម្មវិធីសិក្សាដែលសម្បូរបែប និង មានគុណភាព, បណ្តាញគ្រឹះស្ថានសិក្សាដែលមានម៉ូដែល និង គំរូថ្មីៗ, ឱកាសសម្រាប់អភិវឌ្ឍបំណិនសតវត្សទី២១ ឱ្យបានកាន់តែប្រសើរ និង ការផ្សារភ្ជាប់ការសិក្សាទៅកាន់តម្រូវការនៅលើទីផ្សារការងារ ដែលតម្រូវឱ្យមានសមត្ថភាព និងជំនាញឌីជីថលកាន់តែខ្ពស់»។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្ពោធ “មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល” នៅថ្ងៃនេះ បានឆ្លុះបង្ហាញយ៉ាងប្រត្យក្សនូវកិច្ចខិតខំប្រឹងប្រែងនិងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង អប់រំ យុវជន និង កីឡា ក្នុងការពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំ, ការបង្ខិតបច្ចេកវិទ្យាអប់រំឱ្យបានដល់ដៃសិស្សានុសិស្ស,ការច្បាមយកកាលានុវត្តភាពនៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាសម្រាប់ការអប់រំ, និង ការជំរុញភាពឈានមុខរបស់កម្ពុជានៅក្នុងកម្រិតតំបន់លើដំណើរសមាហរណកម្មនៃបច្ចេកវិទ្យាអប់រំ ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា «ការអប់រំកំពុងត្រូវផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈបរិវត្តកម្មនៃការអប់រំ ក្នុងពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកំពុងមានតម្រូវការផ្នែកជំនាញ និង ទេពកោសល្យ ហើយអ្នកសិក្សាត្រូវតែបន្តរៀនជាប់ជាប្រចាំនូវជំនាញថ្មីៗ, បន្សាំខ្លួនជាមួយនឹងប្រព័ន្ធអេកូឡូស៊ីការងារដែលមានការប្រែប្រួលជាប់ជាប្រចាំ, និងបណ្តុះគំនិតច្នៃប្រឌិតសម្រាប់ដឹកនាំឱ្យមានបរិវត្តកម្មឌីជីថល។ ចាប់ពីពេលនេះទៅ, ការអប់រំនៅគ្រប់កម្រិតនឹងត្រូវ “រំកិលពីការបង្រៀនសិស្សពីសំណួរថាតើត្រូវរៀនអ្វីខ្លះ ទៅកាន់សំណួរថាតើត្រូវរៀនដោយវិធីសាស្រ្តណា”»។
ពិធីនៅថ្ងៃនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមសម្រេចឱ្យបាននូវ “The Bandar Seri Begawan Roadmap 2021-2025” ដែលជារបៀបវារៈបរិវត្តកម្មឌីជីថលអាស៊ាន ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលផងដែរ។
ដើម្បីជាធាតុចូលសម្រាប់ពិធីសម្ពោធជាផ្លូវការនូវ “មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល” ក្នុងពេលនេះ, លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនូវចំណុចចំនួន ៦ ដូចតទៅ៖ ទី១)- ការបន្តលើកកម្ពស់អក្ខរកម្មឌីជីថលជាទូទៅ (Digital Literacy)៖ ការផ្តល់ការអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ និងការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលជាទូទៅ សម្រាប់ការរៀន, ការធ្វើការ, ការធ្វើអាជីវកម្ម, និងហានិភ័យអនឡាញសម្រាប់សិស្សានុសិស្ស គួរត្រូវបានបន្ថែម និងកែលម្អ ដោយដាក់បញ្ចូលចាប់តាំងពីកម្រិតមធ្យមសិក្សា ក្នុងគោលដៅបង្រួមគម្លាតឌីជីថលឱ្យកាន់តែតូច ។
ទី២)- ការពង្រឹងការអភិវឌ្ឍសមត្ថភាព និងជំនាញឌីជីថល (Digital Skill and Capabilities)៖ ការកែទម្រង់នៃការអប់រំក្នុងកម្រិតឧត្តមសិក្សា និង ការកែសម្រួលកម្មវិធីសិក្សាផ្នែកឌីជីថល និង វិទ្យាសាស្ត្រកុំព្យូទ័រ ជាពិសេសការដាក់បញ្ចូលនូវមុខវិជ្ជាតម្រូវ មានជាអាទិ៍ តក្កកម្មបរិមាណ(Quantitative Reasoning) និង ការគិតបែបគណនា (Computational Thinking) ឱ្យកាន់តែល្អប្រសើរដែលអាចបង្កើតនូវសមត្ថភាព និងជំនាញឌីជីថល ច្បាស់លាស់ មានគុណភាព និងឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ហើយដែលត្រូវគិតគូរទាំងកម្រិតនៃការធ្វើផែនការ ឬ យុទ្ធសាស្ត្រ និង កម្រិតការអនុវត្តផងដែរ ។
ទី៣)- ការពង្រីកតួនាទីរបស់សាកលវិទ្យាល័យ និង ការអប់រំនៅកម្រិតឧត្តមសិក្សា៖ នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មទី ៤, សាកលវិទ្យាល័យគួរដើរតួនាទី មិនត្រឹមតែការរៀន, ការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ។ ប៉ុន្តែ, លើសពីនេះ, ការជំរុញ និងការលើកកម្ពស់អនាគតនៃសហគ្រិនភាព និង ការបង្កើតធុរកិច្ចថ្មី នៅតាមសាកលវិទ្យាល័យ ជានិន្នាការសាកលដែលយើងមិនត្រូវមើលរំលងឡើយ។ ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ សហការជាមួយនឹងស្ថាប័ន និង អង្គភាពដែលធ្វើកិច្ចការនេះដោយផ្ទាល់ ដូចជា មជ្ឈមណុ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” និង សហគ្រិនខ្មែរ ជាដើម ដើម្បីបង្កើតជាសហថាមពល (Synergy) ជំរុញ និង លើកកម្ពស់បំណិនសហគ្រិន និង ការធ្វើធុរកិច្ចថ្មី នៅតាមគ្រឹះស្ថានឧត្តមសិក្សា។
ទី៤)- ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ថ្នាលឌីជីថលដែលគាំទ្រដល់ការអប់រំឌីជីថល៖ ជាការពិត, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានផ្តល់អាទិភាព និង ថវិកាជាបន្តបន្ទាប់ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីចូលរួមដល់បេសសកម្មនៃការជំរុញឌីជីថលូនីយកម្មនៅក្នុងវិស័យអប់រំ ដែលមជ្ឈមណ្ឌលនេះ ជាសក្ខីភាពនៃការវិនិយោគរបស់យើងកន្លងមក។ ជាការគិតគូរទៅមុខ, ការវិនិយោគត្រូវផ្តោតទៅលើស្ថាប័ន និងគ្រឹះស្ថានសិក្សាដែលមានសក្តានុពលខ្ពស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៃការអប់រំឌីជីថលដែលផ្តល់លទ្ធផលខ្ពស់ ។ ការវិនិយោគនឹងត្រូវផ្តល់ទៅកាន់កត្តាជំរុញ (Enabling Factors) ជាក់លាក់ ដែលនាំឱ្យមានបរិវត្តកម្មអប់រំ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ និង សម្ភារបច្ចេកវិទ្យា, វិធីសាស្រ្តបង្រៀន, កម្មវិធីសិក្សា, វេទិកាឌីជីថល, ប្រព័ន្ធគ្រប់គ្រងការសិក្សា ក៏ដូចជាកត្តារួមផ្សំដទៃទៀត រួមមាន ការតភ្ជាប់បណ្តាញ, ការគ្រប់គ្រងទិន្នន័យ និង អ៊ីនធឺណិត ជាដើម ។
ទី៥)-ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលនៃការអប់រំនៅកម្ពុជា ទៅកាន់កម្រិតតំបន់ ជាពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលជាតួនាទីស្នូលនៃការបង្កើត “មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល” ។ តាមរយៈមជ្ឈមណ្ឌលនេះ, ទិន្នន័យនៃការអប់រំនឹងត្រូវបានប្រមូល និងប្រើប្រាស់សម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយឱ្យកាន់តែប្រសើរ; ជម្រើសនៃការសិក្សារបស់សិស្ស នឹងត្រូវបានបង្កើនឱ្យកាន់តែសម្បូរបែប; ការដកស្រង់បទពិសោធ និងឧត្តមានុវត្តនៃការបង្រៀន និង ការគ្រប់គ្រងអប់រំ នឹងត្រូវបានចែករំលែក ហើយមាតិកាឌីជីថលកាន់តែច្រើន នឹងត្រូវបានផលិត ។
ទី៦)- ការបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ និងបុរេសកម្ម ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និង អន្តរជាតិ ដែលកំពុងមានការប្រែប្រួល ដោយសង្កត់ធ្ងន់លើការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងការអប់រំ និង ការលើកកម្ពស់ការវិនិយោគលើការអប់រំវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ។ ប្រការនេះ ក៏ទាមទារផងដែរ នូវការបន្តធានានូវសេវាអប់រំ ដែលមានគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងការលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។
យ៉ាងណាក៏ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសរំលេចផងដែរថា ក្នុងខណៈដែលយើងទទួលស្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល, បច្ចេកវិទ្យានេះគ្រាន់តែជាឧបករណ៍ដែលជួយឱ្យការរៀន និងបង្រៀនកាន់តែមានប្រសិទ្ធភាព ប៉ុន្តែឧបករណ៍នេះនឹងមិនមែនជារបស់ដែលត្រូវយកមកជំនួយឱ្យការរៀន និងបង្រៀនដោយផ្ទាល់នោះបានទេ ដែលមានន័យថា “បច្ចេកវិទ្យា គឺជាឧបករណ៍ជំនួយ, តែមិនមែនឧបករណ៍ជំនួស នោះឡើយ”៕
ដោយ៖ គង់ សេដ្ឋាមុនី