ប្រទេសជាសមាជិកអាស៊ានទាំង១០ ចាត់ទុកប្រាក់សន្សំរបស់សាធារណជនជាមូលធន ដ៏សំខាន់ សម្រាប់តម្រូវការវិនិយោគក្នុងប្រទេស និងគ្រួសារមានការរីកចម្រើន

សៀមរាប៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារ ជាតិនៃកម្ពុជាបានថ្លែង នៅក្នុង “ទិវាសន្សំអាស៊ាន” នៅខេត្តសៀមរាប ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២នេះថា ជាការពិតណាស់ ការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការ គ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។

ការគ្រប់គ្រងចំណូល-ចំណាយបានល្អ ជាកត្តាចាំបាច់បឋម ដើម្បីឈានទៅដល់ការ សន្សំប្រាក់ ជាពិសេស ការសន្សំប្រាក់ជាមួយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១.សុវត្ថិភាពនៃការរក្សាទុកប្រាក់សន្សំ, ២.ការទទួលបានការប្រាក់សន្សំ, ៣.ការទទួលបានកិច្ចការពារតាមផ្លូវច្បាប់, ៤.លទ្ធភាពរៀបចំគម្រោង សម្រាប់អនាគតច្បាស់លាស់ និង៥. ប្រាក់សន្សំរបស់សាធារណជនជាមូលធនដ៏សំខាន់ សម្រាប់តម្រូវការវិនិយោគក្នុងប្រទេស។

លោក ឧបការីទេសាភិបាលបន្តថា ដោយយល់ឃើញអំពីសារៈសំខាន់ នៃការសន្សំប្រាក់ទាំងក្នុងក្របខ័ណ្ឌសង្គមកិច្ច និងសេដ្ឋកិច្ច ដែលមួយផ្នែកអាចជួយសម្រួលតម្រូវការបន្ទាន់របស់ ក្រុមគ្រួសារ និងមួយផ្នែកទៀត ជាមូលធនជួយសម្រួលដល់តម្រូវការវិនិយោគ និងអភិវឌ្ឍន៍ ប្រទេសជាតិ កាលពីឆ្នាំ២០១៩ បណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស បានអនុម័តជ្រើសរើសយកថ្ងៃទី៣១ខែតុលាជាថ្ងៃប្រារព្ធ“ទិវាសន្សំអាស៊ាន” ដែលស្របទៅនឹងទិវាសន្សំសកលផងដែរ។

ទន្ទឹមនេះ នៅកម្ពជា ការលើកទឹកចិត្តឱ្យធ្វើការសន្សំជាមួយគ្រឹះស្ថានផ្លូវការរួមមាន៖ ធនាគារពាណិជ្ជ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ត្រូវបានដាក់បញ្ចូលជា សកម្មភាពអាទិភាពទី១ ក្នុងចំណោមសកម្មភាពអាទិភាពទាំង៦ នៃយុទ្ធសាស្រ្តជាតិ ស្ដីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ កាត់បន្ថយភាពក្រីក្រ និងជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

គិតត្រឹម ខែសីហា ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាន និងបន្តចូលរួម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុជាពិសេស ប្រាក់បញ្ញើបានកើនឡើងដល់១៦០,៦ភាគរយ នៃផ.ស.ស. ស្មើ ១៧០,៦ទ្រីលានរៀល (៤១,៥ ប៊ីលានដុល្លារអាម៉េរិក)។ ចំនួនគណនី ប្រាក់បញ្ញើអតិថិជនក៏បានកើនឡើងគួរកត់សម្គាល់ដល់ប្រមាណ ១៤,៣ លានគណនី ដោយ ក្នុងនោះ ១១,៧លានគណនី នៅធនាគារពាណិជ្ជ និង ២,៦លានគណនី នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានពង្រីកប្រព័ន្ធប្រតិបត្តិការ ដោយមានសាខាសរុបចំនួន ២ ៥៩៣ សាខា និងម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៤ ២១៩ ម៉ាស៊ីន នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុច្រើនបែបស្របតាមតម្រូវការនិងនិន្នាការបច្ចុប្បន្ន។

លោក លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តដល់សាធារណជនទូទៅឱ្យបន្ត និងបង្កើនអនុវត្តន៍នូវទម្លាប់ក្នុងការសន្សំ ជាពិសេសគឺការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា ក៏ ដូចជាចៀសវាងនូវហានិភ័យផងដែរ ហើយក៏សូមចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំ ប្រាក់នេះដល់កុមារ ឬក្មេងតូចៗ ឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់មាន បំណិនជីវិតដ៏សំខាន់មួយនេះ។ ការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព គួរតែចាប់ផ្តើមដោយ ការដាក់ប្រាក់សន្សំទុក មុននឹងចាត់ចែងការចំណាយ៕ ដោយ៖ គង់ សេដ្ឋាមុនី