ភ្នំពេញ ៖ លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០២២។នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។
សូមជម្រាបជូនថា លោក ផាម មិញជីញ ធ្លាប់ជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងមានបទពិសោធន៍ការងារឆ្អិនឆ្អៅផ្នែកសន្តិសុខសាធារណៈ និងចារកម្ម ពោលគឺចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០១១ ។
ពីឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដែលលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី លោក ផាម មិញជីញ គឺជាសមាជិកការិយាល័យនយោបាយ, ជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្ស, ជាប្រធានគណៈកម្មការចាត់តាំងទី១២ របស់គណៈកម្មាធិការមជ្ឈិមបក្ស, ជាប្រធានអនុគណៈកម្មការសន្តិសុខនយោបាយផ្ទៃក្នុង, ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈិមបក្សទទួលបន្ទុកកិច្ចការប្រឆាំងអំពើពុករលួយ៕ដោយ៖ រិន ចំរើន