បក្សភ្លើងទៀនអះអាងថា សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ខ្លួន កំពុងទទួលរងនូវការគំរាមកំហែង និងការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរមូលដ្ឋាន

ភ្នំពេញ៖ក្នុងពេលថ្មីៗនេះ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន នៅទូទាំងប្រទេស ត្រូវបានទទួលរងនូវការគំរាមកំហែង និងការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមអនុម័ត និងចុះហត្ថ លេខាលើញត្តិ ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច ដែលផ្ទុយពីឆន្ទៈរបស់ពួកគាត់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។

សេចក្តីថ្លែងការណ៍នេះសរសេរថា សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន ខាងលើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាអន្តរ ជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

សេចក្តីថ្លែងការណ៍នេះបន្តថា គណបក្សភ្លើងទៀន បានបញ្ជាក់នូវជំហររបស់ខ្លួនរួចហើយ ពាក់ព័ន្ធនឹងការថ្កោលទោសចំពោះ បុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ តាមរយៈសេចក្ដីថ្លែង ការណ៍ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងគាំទ្រចំពោះសេចក្តីថ្លែងការណ៍នេះ។ ចំណែកឯសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្ស ភ្លើងទៀន នៅទូទាំងប្រទេស ក៏បានសំដែងការគាំទ្រយ៉ាងពេញទំហឹងរួចហើយដែរ។

ជាមួយគ្នានេះ គណបក្ស ភ្លើងទៀនបានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន នៅទូទាំងប្រទេស ឲ្យធ្វើអ្វីផ្ទុយពី ឆន្ទៈរបស់ខ្លួន និងប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាននានា និងស្នើសុំក្រសួង មហាផ្ទៃ ធ្វើសេចក្តីណែនាំទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន តទៅទៀត ដើម្បីធានាបរិយាកាសល្អប្រសើរ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌៕