គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងសម្រេច ៧០ ភាគរយនៅត្រឹមដំណាច់ឆ្នាំនេះ

ភ្នំពេញអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានដាក់ក្តីរំពឹងថាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងសម្រេចបាន ៧០ ភាគរយនៅត្រឹមដំណាច់ឆ្នាំ ២០២២នេះ ខណៈ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២២ ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ សម្រេចបាន ៤៤ ភាគរយហើយ។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលថ្លែងថា ការសាងសង់កំពុងដំណើការនៃការសាងសង់អកាសយានដ្ឋាននេះកំពុងតែមមាញឹកយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ការសាងសង់យឺតជាងផែនការតិចតួចប៉ុណ្ណោះដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ហើយបានធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើររបស់ក្រុមវិស្វករមកពីប្រទេស ចិន។ មួយវិញទៀត ការយឺតយ៉ាវនេះទៀតសោតដោយសារមានភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់សម្ភារបរិក្ខារសម្រាប់សាងសង់ និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់ជាងពេលធម្មតា។

យ៉ាងនេះក្តី លោកថ្លែងថា តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងលើកដំបូងនៅខែតុលា ឆ្នាំ ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីជាយថាហេតុកើតឡើង។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) លើផ្ទៃដី ៧០០,០៦ ហិកតា ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។

អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំរយៈពេល ខ្លី-មធ្យម ៧ លាននាក់ក្នុង ១ ឆ្នាំដែលត្រូវចំណាយទុនជាង ៥០០ លានដុល្លារ និងរយៈពេលវែងទទួលបាន ២០ លាននាក់ក្នុង ១ ឆ្នាំដែលត្រូវចំណាយទុនជាង ៣០០ លានដុល្លារបន្ថែមទៀត។ សម្រាប់សមត្ថភាពទទួលទំនិញប្រចាំឆ្នាំវិញគឺក្នុងរយៈពេលខ្លី-មធ្យម ១០ ០០០ តោនក្នុង ១ ឆ្នាំ និងរយៈពេលវែង ៦០ ០០០ តោន៕