បក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច បញ្ជាក់ជំហរចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្ររបស់ ទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ គណបក្សភ្លើងទៀនបានចេញសេក្តីថ្លែងការណ៍ បញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈ ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រកម្ពុជា របស់ទណ្ឌិត សម រង្ស៊ី នាពេលកន្លងមកនេះ ក្រោយពីមានការស្នើសុំពីប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

នៅថ្ងៃទី ២៧ ខែតុលានេះ គណបក្សនេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ជំហររបស់ខ្លួន ៤ ចំណុចដូចខាងក្រោម៖
ទី១ គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ទី២ គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ទី៣ គណបក្សភ្លើងទៀន គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ និង
ទី៤ គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។

គណបក្សភ្លើងទៀនក៏បានបញ្ជាក់ឱ្យដឹងដែរថា ខ្លួន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការ ទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយ មិនស្ថិតនៅក្រោមការបង្គាប់បញ្ហា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្ស នយោបាយណាមួយឡើយ។

ជាមួយគ្នានេះ គណបក្សភ្លើងទៀន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមិនទាន់មាន ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅចុះឈ្មោះបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់សាម៉ី ឬ នៅតាមបណ្តាភូមិសាម៉ី ដើម្បីមានសិទ្ធិបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ៖ KC-006