តើឡានប្រជាពលរដ្ឋធម្មតា និង ឡានបំពេញបេសកកម្មឬឡានមានអាទិភាព ប៉ះគ្នាទង្គិចគ្នាលើដងផ្លូវ មួយណាខុស មួយណាត្រូវ ហើយត្រូវដោះស្រាយបែបណា?

តើនៅពេលរថយន្តប្រជាពលរដ្ឋធម្មតា និងរថយន្តរដ្ឋ ឬរថយន្តអាទិភាពផ្សេងៗទៀតប៉ះគ្នា ដូចជារថយន្តសង្រ្គោះបន្ទាន់ រថយន្តអគ្គីភ័យ រថយន្តដឹកអ្នកទោស រថយន្តកងអន្តរាគមជាដើម តើមួយណាខុសមួយណាត្រូវ និងត្រូវដោះស្រាយបែបណាតាមផ្លូវច្បាប់។

ដើម្បីមានមូលដ្ឋានក្នុងការពិចារណាលើប្រធានបទខាងលើនេះ អ្នកជំនាញផ្នែកច្បាប់នៃសារព័ត៌មានខ្មែរឈានមុខ សូមធ្វើការពន្យល់បកស្រាយដោយយកទិដ្ឋភាពផ្លូវច្បាប់មកធ្វើការវិភាគ ពន្យល់ និងបកស្រាយ ជាពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ច្បាស់ណាស់ការបកស្រាយលើប្រធានបទនេះពិតជាអាចមានចំណុចខ្វះខាត ដូច្នេះហើយសារព័ត៌មានខ្មែរឈានមុខ រីករាយទទួលនូវការរិះគន់ក្នុងន័យស្ថាបនាពីសំណាក់មហាជនដែលជាអ្នកតាមដាននិងអានប្រធានបទមួយនេះ ដើម្បីឱ្យអត្ថបទវិភាគផ្លូវច្បាប់ក្រោយៗកាន់តែល្អប្រសើរថែមទៀត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានធ្វើវិសោធនកម្មនៅឆ្នាំ២០១៧ ជំពូកទី១ មាត្រា ៤ និយាយពីប្រភេទផ្លូវថ្នល់ និងយានជំនិះ ពុំបានបែងចែកផ្លូវថ្នល់ សម្រាប់យានមកពីអង្គភាពណា ឬស្ថាប័នណាមួយមានអាទិភាពលើសគេនៅលើដងផ្លូវទេ គឺមាននិយាយតែពីប្រភេទយានតូច យានធំ និងយានពិសេសៗ ដូចជាយានកសិកម្ម និងយានបម្រើការងារសាងសង់តែប៉ុណ្ណោះ។

ដោយឡែកនៅជំពូកទី៣ នៃច្បាប់ដដែល និយាយអំពី អ្នកបើកបរយានជំនិះ ត្រូវគោរពតាមច្បាប់ និងវិធានការសុវត្ថិភាព ដែលមានចែងក្នុងច្បាប់ ដូចៗគ្នា។ នៅជំពូកទី២ និយាយពីសញ្ញាចរាចរណ៍ ដែលមានទាំងផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងសញ្ញារបស់ភ្នាក់ងារចរាចរណ៍ ដែលមានលំដាប់អាទិភាព ពីផ្លាក ទៅភ្លើង និងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។ ដូច្នេះបើយានជំនិះណាមួយចង់បំពានផ្លាក និងភ្លើងសញ្ញាចរាចរណ៍ ត្រូវតែមានភ្នាក់ងារបញ្ជា ឬសម្រួលចរាចរណ៍។

យោងតាមច្បាប់ស្តីចរាចរណ៍ផ្លូវគោគ ពុំមានចែងពីអាទិភាពនៃយានយន្តដែលចរាណ៍លើដងផ្លូវ ដោយភ្លើង និងសម្លេង ដែលបំពាក់លើយានយន្តណាមួយឡើយ ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ ជារថយន្តអាទិភាព ដែលប្រជាពលរដ្ឋស្គាល់ និងយល់ដឹងជាទូទៅ។ យានយន្តដែលមានសម្លេង និងភ្លើងសុំផ្លូវ ដែលបំពាក់លើរថយន្តសង្គ្រោះបន្ទាន់ រថយន្តប៉ូលីស រថយន្តពន្ធនាគារ និងរថយន្តពន្លត់អគ្គីភ័យ គ្រាន់តែជាយានយន្ត ដែលមានអាទិភាព ក្នុងការសុំផ្លូវ ឬបំពានផ្លាក និងភ្លើងសញ្ញាចរាចរណ៍ ដោយមានការសម្រួលពីភ្នាក់ងារ ឬតម្រួតចរាចរណ៍តែប៉ុណ្ណោះ តែការបំពានផ្លាក និងភ្លើងសញ្ញាចរាចរណ៍ ហើយបង្កគ្រោះថ្នាក់ដល់យានជំនិះផ្សេងៗទៀត និងអ្នកដំណើរលើដងផ្លូវ ត្រូវតែទទួលខុសត្រូវ ទាំងសំណងរដ្ឋប្បវេណី និងទោសព្រហ្មទណ្ឌ ដូចអ្នកបើកបរ ឬអ្នកបញ្ជាយានជំនិះផ្សេងៗទៀតដែរ ប្រសិនបើខ្លួនបើកបំពានផ្លាក ភ្លើង និងសញ្ញាចរាចរណ៍ផ្សេងៗទៀត។

តែបើរថយន្តបំពេញបេសកកម្មបានគោរពច្បាប់ហើយ អ្នកណាខុស អ្នកនោះសង។ ម្យ៉ាងទៀត ការខុស ឬត្រូវ មានតែរបាយការណ៍របស់ភ្នាក់ងារនគរបាលចរាចរណ៍ផ្លូវគោគ ដែលមានសមត្ថកិច្ចតែមួយគត់ដែលធានាអះអាងលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងលើដងផ្លូវ ដោយឈរលើមូលដ្ឋានបច្ចេកទេសនៃការវាស់វែង និងពិនិត្យពិចារណាជុំវិញហេតុការណ៍ដែលបានកើតឡើងដោយផ្អែកលើច្បាប់ជាមូលដ្ឋានក្នុងការធ្វើរបាយការណ៍។

ដើម្បីជៀសវាងកុំឱ្យហេតុការណ៍ខាងលើនេះកើតឡើង ជាដំណោះស្រាយដ៏ល្អនោះ គឺថាការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទាំងយានជំនិះធម្មតា និងយានសម្រាប់បំពេញបេសកកម្ម ឬយានជំនិះមានអាទិភាព។ ប្រសិនបើយើងយល់ថា យានជំនិះបំពេញបេសកម្ម ទាំងរថយន្តសង្រ្គោះបន្ទាន់ រថយន្តប៉ូលីស រថយន្តពន្ធនាគារ និងរថយន្តអគ្គីភ័យ អាចបំពានច្បាប់ចរាចរណ៍ ហើយបុក ឬប៉ះគេដោយគ្មានសំណង និងការទទួលខុសត្រូវ នោះនឹងមានគ្រោះថ្នាក់កាន់តែច្រើនឡើងថែមទៀតក៏វាប៉ះពាល់ដល់កិត្តិយសរបស់មន្រ្តីនិងស្ថាប័នទាំងនោះផងដែរ។ ជាឧទាហរណ៍៖ ក្នុងករណីដែលយានយន្តដឹកមនុស្សម្នាក់ទៅសង្គ្រោះ ឬទៅពន្លត់ភ្លើងឆេះផ្ទះមួយខ្នង ដែលមានមនុស្សម្នាក់ ឬគ្មានមនុស្ស អាចមានសិទ្ធិបង្កគ្រោះថ្នាក់ដល់មនុស្សរាប់សិបនាក់លើដងផ្លូវបានតើសង្គមជាតិទាំងមូលនឹងមានអ្វីកើតឡើង?

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋត្រូវតែយល់ដឹង និងផ្តល់អាទិភាពដល់យានយន្តបំពេញបេសកកម្ម ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តប៉ូលីស រថយន្តពន្ធនាគារ និងរថយន្តពន្លត់អគ្គីភ័យ ជាដើម ដោយមិនត្រូវវ៉ាជែង ឬបើកតាម ឬតោងពិក្រយជាដាច់ខាត។ ជាមួយគ្នានេះ គ្រប់អង្គភាពដែលមានរថយន្តអាទិភាព គួរតែត្រូវត្រួតពិនិត្យទាំងសមត្ថភាព និង តាមដានជាប្រចាំនូវ សីលធម៌របស់អ្នកបើកបររបស់ខ្លួនដែរ និងត្រូវបង្រៀនពីច្បាប់ចរាចរណ៍ និងក្រមសីលធម៌បើកបរ ពុំមែនជាការចេះដឹង ឬស្មានតៗគ្នាថា អ្នកបញ្ជាយានអាទិភាព អាចបើកបរបំពានផ្លាក និងភ្លើងចរាចរណ៍តាមចិត្ត ដោយខ្វះការប្រុងប្រយ័ត្ននោះទេ។ ព្រោះពេលខ្លះ អ្នកបើកបរផ្សេងទៀត មិនអាចឮសម្លេង ឬមើលឃើញភ្លើងស៊ីរ៉ែនបានទាន់ពេលដែរ។ ករណីបាត់ម្ចាស់ការទាំងសងខាង ហើយបង្កគ្រោះថ្នាក់ មានតែយកច្បាប់ មកដោះស្រាយ។

ផ្អែកលើមូលដ្ឋាននៃការបកស្រាយដោយយកច្បាប់ចរាចរណ៍ផ្លូវគោកជាមូលដ្ឋាននេះ សាធារណៈជនអាចឈប់យល់ច្រលំតទៅទៀតថា រថយន្តសង្គ្រោះបន្ទាន់ រថយន្តប៉ូលីស រថយន្តពន្ធនាគារ និងរថយន្តពន្លត់អគ្គីភ័យ បុក ឬប៉ះអ្នកដំណើរតាមផ្លូវ ដោយបំពានផ្លាកសញ្ញា ភ្លើងសញ្ញា ចរាចរណ៍ មិនខុស មិនទទទួលខុសត្រូវតទៅទៀត។ រថយន្តអាទិភាព គ្រាន់តែអាចបំពាន ផ្លាក និងភ្លើងសញ្ញាចរាណ៍បាន តែត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ ហើយរាល់ការបំពានផ្លាក និងភ្លើងសញ្ញាចរាណ៍ បើមានគ្រោះថ្នាក់ គឺត្រូវតែទទួលខុសត្រូវដូចអ្នកបើកបរ ឯទៀតដែរ។ គ្រាន់តែសំណងរដ្ឋបវរណី គឺរដ្ឋ ឬម្ចាស់ក្រុមហ៊ុនអ្នកសង ឬទោសព្រហ្មទណ្ឌ ត្រូវមានដូចគ្នា បើបង្ករឱ្យអ្នកដំណើរ មានរបួសពិការ ឬស្លាប់៕