កិច្ចប្រជុំប្រឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF)ចាប់ផ្តើមនៅក្នុងប្រទេសថៃ

បាងកក៖ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក Chuan Leekpai ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០ ក្នុងនោះក៏មានការចូលរួមពីសភាពកម្ពុជាផងដែរដែលដឹកនាំ ដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោក ឈួន លីកផៃថ្លែងថា ការជួបជុំនេះមានសារៈណាស់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោកយើងនេះ។

លោកបន្តថា នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរតូនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការដែលជាកត្តាសំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជាការចូលរួមដើម្បីធ្វើឱ្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩៕ ដោយ៖ KC-006