កំពង់ឆ្នាំ៖ ទាក់ទងទៅនឹងបញ្ហានយោបាយនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់នៅក្នុងខេត្តកំពង់ឆ្នាំ មកពីគណបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស ជនក្បត់ជាតិ សម រង្ស៉ី រឿងប្រមាថព្រះមហាក្សត្រ។
ថ្លែងនៅក្នុងផ្តល់ស្រូវពូជ និងអំណោយមួយចំនួន ជូនដល់ប្រជាកសិករចំនួន ៣ ៤៦០ គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់បណ្ដាលឲ្យខូចខាតដំណាំស្រូវ នៅថ្ងៃទី ២៦ ខែតុលានេះ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានណែនាំឱ្យសមាជិកបក្សភ្លើងទៀន អាចចាកចេញពីបក្ស ទៅកាន់បក្សដទៃ ព្រោះបក្សនេះ អាចនឹងប្រឈមនឹងការរំលាយចោល ប្រសិននៅតែមានការពាក់ព័ន្ធ នឹងជនក្បត់ជាតិបីជំនាន់នោះ។ សម្តេចតេជោក៏បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ៣ជំនាន់នេះឲ្យបាន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំ ក្នុងនាមក្រុមប្រឹក្សាឃុំសង្កាត់ ក្រមប្រឹក្សាខេត្ត គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជនក្បត់ជាតិ៣ជំនាន់ ដែលហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្ដាព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសផងដែរ៕