សៀមរាប៖ អាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅកម្ពុជា (ANGKOR WILDLIFE & AQUARIUM) សាងសង់លើផ្ទៃដីសរុប ១០០ ហិចតាស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ6A,ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងចាប់បើកដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៦ខែតុលានេះ ឱ្យដឹងថា អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង 1ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។ សួនឧទ្យាននេះ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ…។ល។
បើតាមក្រសួងទេសចរណ៍ គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។
ក្រសួងទេសចរណ៍បញ្ជាក់ថា សួនឧទ្យានេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៏ក្នុងខេត្តសៀមរាបរួមមាន បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប ជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស អភិរក្សសត្វដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ តាក់ស៊ី, ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម និង ផ្ដល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ, ដំណាំអំពៅ, ឬស្សី, ដូង, ចេក។ល។
ក្រសួងទេសចរណ៍បន្ថែមថា អង្គរវ៉ាយដ៏ឡាយហ្វ៍និងអឹឃ្វារៀមគឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀតដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា។
ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន សួននេះ ក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជ្ជនីយ៏ដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ បន្ទាប់ពីបើកដំណើរការដំណាក់កាលទី២ នឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ ហិចតា៕ ដោយ៖ kc-006