បាត់ដំបង៖ ខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ។ នេះ បើតាមរបាយការណ៍របស់ លោក សុខ លូ អភិបាលខេត្តខេត្តបាត់ដំបង ។
ក្នុងពិធីចូលរួមពិធីសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន១១.៥២៨ គ្រួសារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២៤ ខែតុលានេះ លោក សុខ លូ រាយការណ៍បន្តថា គ្រោះធម្មជាតិនេះ បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ៤កន្លែងប៉ះពាល់ដំណាំស្រូវចំនួន៤៥៨១២ហិកតា និងខូចខាតចំនួន ២៧.២៣៣ហិកតា។
លោក បន្ថែមថា តាមការពិនិត្យ និងស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ឃើញថាផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិកតា។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។
សម្តេចតេជោបញ្ជាក់ថា ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន៕ ដោយ៖