ភ្នំពេញ៖រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ២៤ ខែតុលានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) បង្ហាញថា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦៤.៣២៥ នាក់។
យោងតាមលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទទួលបាននៅថ្ងៃទី ២៤ ខែតុលា នេះ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦៤.៣២៥ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៩.២០៦ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣.៥៣២ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៩.២២០ នាក់។
គជប បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រជាពលរដ្ឋខ្មែរអាច ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។
មួយវិញទៀត ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
បើតាម គជប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ៕