ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជណកម្ពុជាថ្នាក់កណ្តាល បង្ហាញការសាទរចំពោះលោក ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីម្តងទៀតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន នៅក្នុងសមាជជាតិរបស់បក្សលើកទី២០ កាលពីពេលថ្មីៗនេះ។ សម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនសហគមន៍អន្តរជាតិបានកោតសរសើរចំពោះជោគជ័យដ៏ធំធេងរបស់ប្រទេសចិន ក្នុងនោះការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងលិខិតចុះថ្ងៃទី២៣ តុលា លោកបណ្ឌិត ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា ជាមួយនិងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់លោក ស៊ី ជីនពីង គណបក្សកុម្មុយនីស្តចិននឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្រ្តបន្ថែមទៀតសម្រាប់ប្រជាជនចិន និងពិភពលោកទាំងមូល។
ដោយឡែកចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនវិញ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរបានវិវត្តកាន់តែរីកចម្រើន ដោយសារជំនឿទុកចិត្ត និងទំនាក់ទំនងដ៏ស្អិតរមួលរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។
ជាមួយគ្នានេះដែរ ប៉ុន្មានឆ្នាំមកនេះគណបក្សនៃប្រទេសទាំងពីរ បានពង្រឹងមិត្តភាពដែកថែប ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក ហើយជាការពិតមិត្តភាពនេះ បានក្លាយជាគម្រូមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ។
«ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខ្ញុំប្តេជ្ញាយ៉ាងពេញលេញក្នុងការបន្តជម្រុញបន្ថែមនូវមិត្តភាពជាប្រពៃណីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង»។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
សូមជម្រាបជូនថា មហាសន្និបាតលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែលបានបើកទ្វារកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ត្រូវបិទបញ្ចប់នៅថ្ងៃសៅរ៍ទី ២២តុលា ជាមួយនឹងការបោះឆ្នោតជាឯកច្ឆ័ន្ទ តែងតាំងសមាជិកថ្មី នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត។ ដូចអ្វីដែលគេរំពឹងទុក គឺលោក ស៊ី ជីនពីង បានទទួលការពង្រឹងអំណាចកាន់តែខ្លាំងឡើង ជាមួយនឹងការបន្តកាន់កាប់កៅអីប្រធានាធិបតីចិន ក្នុងអាណត្តិទី៣៕ ដោយ៖ ឧត្តម