កម្ពុជានឹងបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២រយៈ២ថ្ងៃនៅសៀមរាប

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ទី២៧ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយមានការចូលរួម ផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

យោងតាមកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី ២០ ខែតុលា ឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំធ្វើឡើង ដោយមាន កិច្ចសហការពីលេខាធិការដ្ឋានអាស៊ាន, United Nations Economic and Social Commission for Asia and the Pacific (ESCAP), Inclusive Business Action Network (IBAN), Organization for Economic Cooperation and Development (OECD), និងអង្គការ OXFAM។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងការប្រកាសបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្ន អាស៊ានលើកទី៥ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ផងដែរ។

បើតាមសេក្តីប្រកាសព័ត៌មាននេះ នៅក្នុងព្រឹត្តិការណ៍ដ៏មាន សារៈសំខាន់នេះ នឹងមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធអាជីវកម្មបរិយាប័ន្នផ្សេងៗ រួមមានមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល សមាគមអាជីវកម្ម វិនិយោគិន ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន អ្នកសម្របសម្រួលអាជីវកម្ម និងដៃគូ អភិវឌ្ឍន៍នានា ពីក្នុងតំបន់អាស៊ាន និងក្រៅតំបន់។

កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នខាងលើនេះ ត្រូវបានប្រើប្រាស់ជាវេទិកាមួយសម្រាប់កិច្ចសន្ទនារវាង ភាគីពាក់ព័ន្ធនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងចែករំលែកនូវគោលនយោបាយ និងផែនការលើកស្ទួយ អាជីវកម្មបរិយាប័ន្ន ពិភាក្សាអំពីវឌ្ឍនភាពនៃការជំរុញអាជីវកម្មបរិយាប័ន្ន និងរួមគ្នាគាំទ្រដល់គំនិតផ្ដួចផ្ដើមនេះ ក៏ដូចជាស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា៕