ភ្នំពេញ៖ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ តុលានេះ បានសាទរចំពោះលោក ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តិចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តិចិន នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីពេលថ្មីៗនេះ។ សម្រាប់ប្រមុខបក្សកាន់អំណាច ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ពិភពលោកបានសាទរចំពោះជោគជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្រ្ត និងការកសាងសង្គមនិយមតាមលក្ខណៈពិសេសរបស់ចិន។
ក្នុងលិខិតផ្ញើជូនលោក ស៊ី ជីនពីង សម្តេចតេជោមានជំនឿថា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោក ប្រទេសចិន នឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ១០០ឆ្នាំ លើកទី២ ក៏ដូចជាសម្រេចជោគជ័យលើគោលនយោបាយ និងគោលដៅដែលដាក់ចេញដោយសមាជជាតិរបស់បក្សកុម្មុយនីស្តចិនលើកទី២០។
ទន្ទឹមនឹងគ្នានេះទំនាក់ទំនងទ្វេភាគី កម្ពុជា និងចិន មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើនជាលំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់ទំនងដ៏សិ្នទ្ធស្នាលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។
ជាក់ស្តែងប៉ុន្មានឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បានពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប ដែលបានធ្វើឱ្យទំនក់ទំនងទ្វេភាគីកម្ពុជា ចិន រីកចម្រើនឥតឈប់ឈរ សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។នេះបើតាមការលើកឡើងរបស់សម្តេចតេជោ។
ជាចុងបញ្ចប់នៃលិខិតសម្តេចតេជោថា សម្តេចទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងស្និទ្ធស្នាលជាមួយលោក ស៊ី ជីនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា ចិន ទៅកាន់កម្រិតថ្មីមួយទៀត។
សូមជម្រាបជូនថា មហាសន្និបាតលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែលបានបើកទ្វារកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ត្រូវបិទបញ្ចប់នៅថ្ងៃសៅរ៍ទី ២២តុលា ជាមួយនឹងការបោះឆ្នោតជាឯកច្ឆ័ន្ទ តែងតាំងសមាជិកថ្មី នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត។ ដូចអ្វីដែលគេរំពឹងទុក គឺលោក ស៊ី ជីនពីង បានទទួលការពង្រឹងអំណាចកាន់តែខ្លាំងឡើង ជាមួយនឹងការបន្តកាន់កាប់កៅអីប្រធានាធិបតីចិន ក្នុងអាណត្តិទី៣៕ ដោយ៖ ឧត្តម