សម្តេចតេជោ ៖ ពេលខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រី ខ្ញុំនៅតែជាមេដឹកនាំសំខាន់ខាងនយោបាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ឡើងវិញជាថ្មីថា បើទោះបីជាសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តីក្តី ក៏សម្តេចនៅតែជាមេដឹកនាំសំខាន់ខាងនយោបាយរបស់គណបក្សកាន់អំណាច។

សាធារណជនបានដឹងជាទូទៅហើយថា បេក្ខជននាយករដ្ឋមន្រ្តីបន្តវេនពីសម្តេច គឺលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច។ ការប្រកាសលោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីនេះ ទទួលបានការស្វាគមន៍ពីសំណាកពលរដ្ឋខ្មែរនៅទូទាំងប្រទេស ប៉ុន្តែស្របពេលនឹងការទទួលការសាទរនេះ ក៏មានក្រុមប្រឆាំងរិះគន់ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋ ៣​ ២០០គ្រួសារ ស្ម័គ្រចិត្តរើលំនៅឋានចេញ ពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែងនាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២២ថាសម្តេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំអាចធ្វើនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត ប៉ុន្តែខ្ញុំមិនចង់ទេ! ហើយខ្ញុំមិនមែនឈប់ថ្ងៃហ្នឹង ឬថ្ងៃស្អែកដែរ ។ បើខ្ញុំដាក់ចាកចេញក៏គង់មានអ្នកបន្តវេនគេមកកាន់អំណាបន្ត ។ អនុវត្តហើយខ្ញុំក៏នៅជាមេដឹកនាំយ៉ាងសំខាន់ដែលគ្រប់គ្រងខាងនយោបាយទៅលើ ការអភិវឌ្ឍប្រទេសជាតិ និងការពារប្រទេសជាតិក្នុងខណៈជាប្រធានគណបក្សកាន់អំណាច»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានសម្តែងក្តីសង្ឃឹមថាសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ នេះ គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតបន្តទៀត ហើយសង្ឃឹមថាប្រជាជននឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដើម្បីកាន់អំណាចបន្តទៀត។ តាមរយៈការសម្តែងក្តីសង្ឃឹមនេះ ត្រូវបានសម្តេចតេជោ លើកឡើងថា នឹងមានអ្នកវាយប្រហារសម្តេចថាឃោសនាបោះឆ្នោតមុនការកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ប៉ុន្តែសម្តេចតេជោថា “នេះជាសិទ្ធិនិយាយស្តីរបស់ខ្ញុំដោយសារអ្នកដទៃក៏ចេះតែស្នើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ។ ដូច្នេះសម្តេចក៏ស្នើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែរ”។

សម្តេចបញ្ជាក់ទៀតថា «អ្នករៀបចំឲ្យគឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយហ៊ុន សែន ទាល់បោះឆ្នោតឲ្យអ្នកដ៏ទៃដូចជាមិនសម«…»ចំណុចនេះបក្សដទៃគេនឹងនិយាយលោក ហ៊ុន សែនឆ្លៀតឃោសនាបោះឆ្នោតជាមិនខាន។ ប៉ុន្តែចំណុចនេះយើងនិយាយពីឡូស៊ិក យើងបៅដោះម្តាយហើយសម្លាប់ម្តាយហើយទៅយកអ្នកដ៏ទៃទៅវិញ»៕ ដោយ៖ រិន ចំរេីន