អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋដែលកាន់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិតអស់សុពលភាព ទៅប្ដូរយកអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ប្រជាជនដែលកាន់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយ:ពេល៩០ថ្ងៃ ត្រូវមកបំពេញបែបបទប្ដូរយកអត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរថ្មី ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ តុលា ។

សម្រាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការទៅប្ដូរយកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរថ្មីនេះគឺ ដើម្បីធានានូវសិទ្ធក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធនយោបាយក្នុងការប្រើប្រាស់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ។

ចំពោះទីតាំងដែលត្រូវទៅប្ដូររួមានមាន ទីតាំងទី១ តាមប៉ុស្ដិ៏នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន។ ទីតាំងទី២ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)

ដោយឡែក ទីតាំងទី៣ នៅទីស្នាក់ការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ។

ចំពោះប្រជាពលរដ្ឋដែលត្រូវទៅប្ដូរយកអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនេះ ត្រូវភ្ជាប់ជាមួយនូវអត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយ:ពេល៩០ថ្ងៃ(និងឯកសារសំអាង ករណីមានការផ្លាស់ប្ដូរទិន្នន័យ)។

សូមជម្រាបជូនថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាពត្រឹមរយ:ពេល១០ឆ្នាំ គិតចាប់ពីថ្ងៃផ្ដល់។ ដោយឡែក អត្តសញ្ញាណប័ណ្ណដែលបានផ្ដល់ជូនប្រជាពលរដ្ឋតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្ដើរៗចាប់ពីខែមិថុនា ឆ្នាំ២០២២នេះតទៅ៕ ដោយ៖ សាន សៀងហៃ