ភ្នំពេញ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវឲ្យមានការអនុគ្រោះចំពោះប្រជាពលរដ្ឋនោះ នាថ្ងៃ១៩ តុលានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្ដល់ការយោគយល់អនុគ្រោះចំពោះអតិថិជនរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ។
យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃ១៩ តុលា បានឲ្យដឹងថា “នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា”។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ ពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន៕ ដោយ៖ រិន ចំរើន