ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតចាប់ពីដាក់ ឲ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្ត នៅទូទាំងប្រទេសបានផ្តល់សេវាចំនួន ២ ១០០ ៨៤៤សេវា លើ១៤វិស័យ ដោយទទួលចំណូលសរុបចំនួន ៣០៣ ០៣៤ ៨២៤ ១០៩រៀល។
នេះជាការថ្លែងរបស់លោក នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
លោក ខៀវ សុភ័គ ក៏បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តត្រូវបានដាក់ឲ្យដំណើរការ នៅពាក់កណ្តាលឆ្នាំ២០១៨។
លោកថា «គិតចាប់ពីពេលដាក់ឲ្យដំណើរការរហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្តទាំង ២៥ ផ្តល់សេវាបានចំនួន ២ ១០០ ៨៤៤សេវា លើ១៤វិស័យ ទទួលបាន ចំណូលសរុប ៣០៣ ០៣៤ ៨២៤ ១០៩រៀល»។
លោកបន្ថែមថា ដោយឡែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ៖ បច្ចុប្បន្នមានចំនួន ២០៤ការិយាល័យ ក្នុងនោះ គិតពីឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២២ ការិយាល័យទាំងនេះ បានផ្តល់សេវាបាន ៧ ៦៧០ ៤៨៣ សេវា លើ១៧វិស័យទទួលបានចំណូលសរុប ៧៨ ៩២២ ៦៨៥ ០៥៨រៀល៕ ដោយ: រិន ចំរើន