ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពោលចាប់ពីឆ្នាំ ២០១៨-២០២២ គឺកម្ពុជារក្សាបានសន្តិភាពពេញលេញបរិបូរណ៍ ទោះបីក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិទាំងក្នុង និងក្រៅប្រទេស បង្កហានិភ័យមកលើសេដ្ឋកិច្ចសង្គមកម្ពុជា។
លោករដ្ឋលេខាធិការបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃ១៤ តុលាថា សភាពការណ៍សន្តិសុខ និងវិបត្តិសុខភាពសាធារណៈជាសកល ការប្រែប្រួលអាកាសធាតុ បូករួមទាំងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនៅក្នុង និងក្រៅប្រទេសបានបង្កហានិភ័យ មកលើសេដ្ឋកិច្ច សង្គម។
លោកបន្តថា “ប៉ុន្តែនៅក្នុងរយៈពេល ៥ឆ្នាំនេះ កម្ពុជា មានមោទកភាព ដោយនៅតែរក្សាបានសន្តិភាពពេញលេញបរិបូរណ៍ទូទាំងប្រទេស និងការឯកភាពផ្ទៃក្នុងជាតិ ស្ថាប័នកំពូលនានារបស់ជាតិ និងគ្រប់ព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ត្រូវបានដំណើរការដោយរលូន និងមានសុវត្ថិភាពទាំងស្រុងបញ្ចៀសបាននូវអំពើភេរវកម្ម»។
លោកថា ខណៈប្រទេសនៅក្នុង និងក្រៅតំបន់រង ការវាយប្រហារដោយអំពើនេះ ៥ ៧៩៤លើក/៥៥ប្រទេស ព្រមទាំងទប់ស្កាត់បានដោយជោគជ័យនូវឧបាយកល និងសកម្មភាពបដិវត្តន៍ពណ៌ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈសិទ្ធិសេរីភាព នៃការជួបជុំ ការសម្តែងមតិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវបានធានាការពារស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹង និងលើកកម្ពស់នីតិរដ្ឋ ការគោរពអនុវត្តច្បាប់ និងការលើកកម្ពស់យុត្តិធម៌សង្គម៕ ដោយ៖ រិន ចំរើន