ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែតុលានេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង០០នាទី ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ ដោយ៖ ឆែម ពិសិដ្ឋ