ក្រសួងការងារ ចុះMOU ជាមួយ Foodpanda Delivery ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda)។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខារវាង លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Pichaya Thongthua នាយកគ្រប់គ្រងស្តីទីរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda)។

គោលបំណងនៃពិធីចុះហត្ថលេខាកាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបង្កើតកិច្ចសហការគ្នាផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឱ្យបុគ្គលិក និងអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនទាំងអស់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងនេះ ហើយក៏ជាការផ្តល់កិច្ចគាំពារបន្ថែមទៅដល់បុគ្គលិក និងអ្នកជញ្ជូនទៅជាសមាជិកបេឡាជាតិសន្តិសុខសង្គមដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗទៀត ខណៈកន្លងមកក្រុមហ៊ុនក៏បានផ្តល់សេវាធានារ៉ាប់រង ជាពិសេគ្រោះថ្នាក់ចរាចរណ៍ទៅដល់ផ្នែកអ្នកដឹកជញ្ជូន។

ជាមួយគ្នានេះ លោកស្រី Pichaya Thongthua លើកឡើងថា តាមយៈការអនុវត្តអនុស្សរណៈ ក្រុមហ៊ុនក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិករបស់ខ្លួនមកកំណត់អត្តសញ្ញាណនៅបេឡាជាតិសន្ដិសុខសង្គម។ ក្រុមហ៊ុននឹងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពនៃគម្រោងជាមួយទីភ្នាក់ងារជាតិ មុខរបរ និងការងារ បន្ទាប់ពីការចុះអនុស្សរណៈនេះ។

លោក អុិត សំហេង បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងការបង្កើតឱកាសការងារដល់យុវជនជិត១ពាន់នាក់ ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន។ លោក បានមើលឃើញថា នៅក្នុងការបិទខ្ទប់ដោយសារការគំរាមកំហែងដោយកូវីដ-១៩ Foodpanda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ។

គួរឱ្យដឹងផងដែរថា Foodpanda គឺជាយីហោវេទិកាចែកចាយអាហារ និងគ្រឿងទេស ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន Delivery Hero ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះដំណើរការម៉ាកយីហោចំនួន ២០ នៅក្នុងប្រទេសប្រហែល ៥០ នៅទូទាំងទ្វីបចំនួន ៤។ បច្ចុប្បន្នម៉ាកយីហោ Foodpanda ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន ១៤ នៅទូទាំងអាស៊ី ប៊ុលហ្គារី និងរូម៉ានី ត្រូវបានទិញដោយ Delivery Hero ក្នុងខែធ្នូ ឆ្នាំ ២០១៦។ ក្រុមហ៊ុននេះបានឈានជើងចូលទីផ្សារកម្ពុជា ដោយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ សកម្មភាពអាជីវកម្មចម្បងរបស់ Foodpanda គឺជាទីផ្សារអនឡាញ និងសេវាកម្មដឹកជញ្ជូន៕ ដោយ៖ សាន សៀងហៃ