ភ្នំពេញ៖ លោក ឌី វិជ្ជា កូនប្រុសលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ហៅសេចក្តីសម្រេចរបស់តុលាការបារាំងដែលបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តីមិនបានពាក់ព័ន្ធនឹងករណីមរណភាពរបស់ឱពុកលោក នៅក្នុងហេតុការណ៍ធ្លាប់ឧទ្ធម្ភាគចក្រក្នុងឆ្នាំ២០០៨ តាមការចោទប្រកាន់របស់លោក សម រង្ស៊ីនោះ គឺបង្ហាញយ៉ាងច្បាស់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត គ្មានសច្ចធម៌ គុណធម៌ និងជាអ្នកនយោបាយពោរពេញដោយគំនុំបុគ្គល។
ក្នុងខ្លឹមសារលិខិតចំនួនពីរទំព័រ ដែលត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកបានយកមកចុះផ្សាយនៅថ្ងៃទី១២ តុលានេះ លោក ឌី វិជ្ជា បានបង្ហាញពីអារម្មណ៍សប្បាយចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីលោករងចាំយុត្តិធម៌អស់រយៈពេល០៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ ក្រោយពីលោកបានពិភាក្សាជាមួយមេធាវីដើម្បីប្តឹងលោក សម រង្ស៊ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិតអំពីមូលហេតុនៃការសម្លាប់ឱពុកបង្កើតរបស់លោក។
បើតាមលោក ឌី វិជ្ជា សាលាក្រមរបស់តុលាការប្រទេសបារាំងបានទាត់ចោលការអះអាងរបស់លោក សម រង្ស៊ី ពីព្រោះថាលោក សម រង្ស៊ី គ្មានភស្តុតាងជាក់លាក់។ ក្នុងនោះលោក ឌី វិជ្ជា បានដកស្រង់នូវចំណុចខ្លះៗនៃសាលាក្រមរបស់សាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំងមកបង្ហាញថា «ពុំមានភស្តុតាងជាក់លាក់ណាមួយដែល សម រង្ស៊ី បានផ្តល់ឱ្យតុលាការដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា មូលហេតុនៃឧប្បទ្ទវហេតុ កើតឡើងដោយសារបំផ្ទុះគ្រាប់បែកនោះទេ»។
សម្រាប់លោក ឌី វិជ្ជា ឱពុកលោកគឺលោក ហុង ឡង់ឌី ពិតជាទទួលមរណភាពដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីបានហោះចូលតំបន់ដែលមានអាកាសធាតុមិនល្អ ដែលនាំឱ្យការបញ្ជាចុះចតភ្លាមៗមិនអាចគ្រប់គ្រងបាន។
«ក្នុងនាមខ្ញុំដែលជាអ្នកមានជំនាញបើកឧទ្ធម្ភាគចក្រម្នាក់ដែរនោះ ខ្ញុំដឹងអំពីកត្តាអាកាសធាតុទាំងនោះ ហើយក៏បានអានរបាយការណ៍ជំនាញរបស់ក្រុមអ្នកបច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ផងដែរ»។ នេះគឺជាការបញ្ជាក់របស់លោក ឌី វិជ្ជា៕ ដោយ៖ ឧត្តម