ភ្នំពេញ៖ តុលាការប្រទេសបារាំងកាលពីថ្ងៃទី១០ តុលា កន្លងទៅនេះ បានចេញសាលក្រមរឿងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍» ករណីនៃការស្លាប់លោក ហុក ឡង់ឌី។ បើតាមសហមេធាវីបារាំងដែលជាមេធាវីការពាររាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សាលក្រមសាលាដំបូងរបស់ប្រទេសបារាំងបានវិនិច្ឆ័យ៉ាងច្បាស់ថា ការចោទប្រកាន់របស់លោក សម រង្ស៊ី ពុំមានមូលដ្ឋាន និងអំណះអំណាងបញ្ជាក់ច្បាស់លាស់នោះឡើយ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ជាភាសាបារាំងនិងបកប្រែជាភាសាខ្មែរ របស់សហមេធាវីបារាំង បានលើកឡើងថា ការពន្យល់និងឯកសារដែលលោក សម រង្ស៊ី ផ្តល់ឱ្យតុលាការដែលភ្ជាប់ការស្លាប់របស់លោក ហុង ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនោះ គឺតុលាការបារាំងរកឃើញថា ពុំមានធាតុផ្សំជាក់លាក់ណាមួយគាំទ្រការអះអាងរបស់លោក សម រង្ស៊ី ថាមូលហេតុនៃឧប្បទ្ទវហេតុធ្លាក់នេះ គឺជាដោយសារការបំផ្ទុះគ្រាប់បែកនោះទេ។
សេចក្តីថ្លែងការណ៍ដដែល សហមេធាវីបារាំងបានរំលេចយកខ្លឹមសារសាលក្រមសាលាដំបូងបារាំងមកសរសេរថា «អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះមានប្រព័ន្ធការពាររន្ទះ ដែលការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬបដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជាចំពោះឧបទ្ទវហេតុមួយនេះទេ»។
បើតាមសហមេធាវីបារាំង ការលើកឡើងរបស់លោក សម រង្ស៊ី ដែលភ្ជាប់ការស្លាប់របស់លោក ហុក ឡង់ឌី ពាក់ព័ន្ធនឹងសម្តេចតេជោនាយករដ្ឋមន្រ្តីនោះ គឺមិនត្រូវបានតុលាការបារាំងយល់ស្របនោះទេ។
ជាក់ស្តែងតុលាការបារាំងបានគត់សម្គាល់ថា អ្វីដែលលោក សម រង្ស៊ី លើកឡើងនោះ គឺលោកមិនបានផ្តល់នូវការបញ្ជាក់ឬកោសលវិច្ឆ័យណាមួយឱ្យបានច្បាស់នាពេលសវនាការនោះទេ។ ក្នុងនោះការផ្តល់ជូនមកតុលាការនូវរូបថតដែលមានគុណភាពមិនច្បាស់អំពីបំណែកនៃឧត្ថម្ភាគចក្រ មិនអាចបង្ហាញបានថាការធ្លាក់បាក់បែកឧត្ថម្ភាគចក្រនោះ គឺកើតចេញពីការផ្ទះគ្រាប់បែក ជាជាងការធ្លាក់ធម្មតានោះឡើយ បើមិនមានរបាយការណ៍ជំនាញមកសំអាង។
«យោងលើមូលហេតុទាំងអស់ខាងលើ ចៅក្រមសាលាដំបូង បានចាត់ទុកថា មូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់ (របស់ សម រង្ស៊ី) មានលក្ខណៈ «ខ្សោយ» ដែលវាផ្ទុយយ៉ាងខ្លាំងនឹងការនិយាយចោទប្រកាន់មួយដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មតលើលោក ហ៊ុន សែន នៅក្នុងការធ្វើឃាតលោក ហុក ឡង់ឌីនោះទេ»។ នេះបើតាមការបញ្ជាក់របស់សហមេធាវីបារាំង៕ ដោយ៖ ឧត្តម