ភ្នំពេញ ៖ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបាន បញ្ជាក់ថា នៅកម្ពុជាស្ទើរតែជារៀងរាល់ឆ្នាំតែងតែទទួលរងប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ដ្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្ដរាយផ្សេងៗទៀត ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបញ្ហាទាំងនេះ។
សម្តេចតេជោបន្តថា រហូតមកទល់ពេលនេះពិភព លោកកំពុងទទួលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យកើតមានគ្រោះមហន្តរាយធំៗជាច្រើន បង្កផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរបន្ថែមលើឱនភាពសកល ដែលបានកើតឡើងដោយសារមូលហេតុផ្សេងៗ និងភាពផុយស្រួយ នៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសកលពីជំងឺកូវីដ-១៩។
សម្ដេចតេជោគូសបញ្ជាក់ថា «សម្រាប់កម្ពុជា ស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ»។
ប៉ុន្តែទោះបីជាយ៉ាងណា សម្ដេចតេជោបន្ដថា ដោយសារមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា អនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយការវិនិយោគ ជារួមទៅលើកំណើនសេដ្ឋកិច្ចដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមនឹងការវិនិយោគដោយផ្ទាល់ទៅលើវិស័យជួរមុខ រួមមាន ៖ វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បរិស្ថាន សន្តិសុខ និងការពារជាតិ ៕ ដោយ៖ រិន ចំរើន