ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ មិនឱ្យរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែលមានកម្ពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ។
ការហាមឃាត់នេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លងមការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ ៨០១ ផ្លូវលេខ៨២១ ផ្លូវលេខ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្ដាលឱ្យបាត់បង់ អាយុជីវិត មនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបរិក្ខារផ្លូវថ្នល់។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តនាថ្ងៃ១២ តុលា។
លិខិតបញ្ជាក់ទៀតថា “ផ្លូវទាំង៤ខ្សែនេះ ជាផ្លូវ មានចំណោតខ្លាំង និងវែង មិនសមស្របឱ្យប្រភេទរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់” ។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តនឹងរៀបចំដាក់របាំងហាមឃាត់រថយន្តឆ្លងកាត់ដែលមាន កំពស់២,៣ម៉ែត្រ ស្លាកសញ្ញាជូនដំណឹង និងស្លាក សញ្ញាហាមឃាត់នានា លើផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ៕ដោយ៖ រិន ចំរើន