ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសម្ពោធគម្រោង ស្តីពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព IKI SCP Asia” និងការដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវស្តីពី “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ២០២២-២០៣៥”។ ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន បានដឹងថា ការរៀបចំផែនទីបង្ហាញផ្លូវ ស្តីពី ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២២-២០៣៥ ជាលទ្ធផលនៃកិច្ចសហការ និងការគាំទ្រមូលនិធិពីកម្មវិធី “ការផ្តួចផ្តើមដើម្បីអាកាសធាតុអន្តរជាតិ” របស់ក្រសួងបរិស្ថាន ការអភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងការពារអ្នកប្រើប្រាស់ (BMUV) នៃសហព័ន្ធអាល្លឺម៉ង់ និងអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន។
ក្នុងផែនទីបង្ហាញផ្លូវ និងគម្រោង “ប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព” ដែលបានដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការនោះមានគោលបំណងរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះ ដោយជំរុញការអនុវត្ត ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP) តាមរយៈអន្តរាគមន៍បន្ថែមនានា ដែលធ្វើឡើងក្រោមកិច្ចសហការជាមួយស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន កសិករ អ្នកស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល។
លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានមានប្រសាសន៍ថា៖ « ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP) គឺជាផ្នែកសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបៃតងរយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលមានក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០»។
លោកបានបន្តទៀតថា គម្រោង “ប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព” ដែលបានដាក់ដំណើរការជាផ្លូវការ ជាមួយផែនទីបង្ហាញផ្លូវ ស្តីពី ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ ២០២២-២០៣៥ បានបង្ហាញពីការចូលរួម និងគាំទ្រលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍបៃតង។
ចំណែកលោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «យើងមានក្តីសោមនស្សក្នុងការចូលរួមជាចំណែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបៃតង ដោយផ្សារភ្ជាប់នឹងការការពារបរិស្ថាននិងធម្មជាតិ។ តាមរយៈគម្រោង និងផែនទីបង្ហាញផ្លូវដែលដាក់អោយប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ យើងរំពឹងថា នឹងជំរុញផលិតកម្មដែលមាននិរន្តរភាព ស្របនឹងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ក្នុងប្រព័ន្ធចំណីអាហារក្នុងវិស័យកសិកម្ម ដោយផ្តល់នូវការអនុវត្តបទដ្ឋាននិរន្តរភាពរាប់ចាប់ពីខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្ម រហូតដល់ការប្រើប្រាស់ចុងក្រោយ រវាងតួអង្គសំខាន់ៗដូចជាសហគមន៍មូលដ្ឋាន អ្នកផលិត អ្នកលក់រាយ អ្នកប្រើប្រាស់ ស្ថាប័នរដ្ឋាភិបាល និងឯកជនជាដើម»។
សូមជម្រាបថា គម្រោង “ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព IKI SCP Asia” ដំណាក់កាល២ នឹងកៀរគរការចូលរួមពីភាគីពាក់ព័ន្ធ និងផ្តោតលើការជំរុញតំបន់ផលិតកម្មនៅក្នុងខេត្តមណ្ឌលគីរី និងទីប្រជុំជនសំខាន់ៗរួមទាំងរាជធានីភ្នំពេញ អោយអនុវត្តលើការផ្សារភ្ជាប់ទំនាក់ទំនងរវាង ផលិតកម្មដែលមាននិរន្តភាពទៅនឹងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ដើម្បីកែប្រែឥរិយាបថ ដែលមានចំពោះប្រព័ន្ធចំណីអាហារក្នុងវិស័យកសិកម្ម និងបរិស្ថាន ពីសំណាក់តួអង្គពាក់ព័ន្ធដូចជា ផ្នែកផលិតកម្ម ផ្នែកទីផ្សារ និងអ្នកប្រើប្រាស់៕ ដោយ៖ ឆែម ពិសិដ្ឋ