អាល្លឺម៉ង់ វាយតម្លៃខ្ពស់ក្នុងការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន

ភ្នំពេញ៖ ខណៈបញ្ហាសង្គ្រាមនៅអ៊ុយក្រែននៅតែបន្តអូសបន្លាយនោះ លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជាប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។

នេះជាការថ្លែងរបស់លោកក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែង ការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១០ តុលា ។

ក្រៅពីវាយតម្លៃចំពោះកម្ពុជាលើសង្គ្រាមនៅអ៊ុយក្រែន នោះ លោកទូតអាល្លឺង់ថ្មីរូបនេះ ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់សម្ដេចតេជោ ចំពោះការជួយស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ។

ចំពោះសង្គ្រាមនៅអ៊ុយក្រែនសម្ដេចតេជោ បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន គឺជារឿងមួយ តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៊ី-អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូលផង ក្នុងនោះ ក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះករណីនេះ គប្បីណាមានការពិនិត្យមើលឡើងវិញ ។

ចំពោះករណីមីយ៉ាន់ម៉ាវិញ សម្ដេចតេជោក៏បានមានប្រសាសន៍ដែរថា រាល់ការប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្ដីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង សម្រាប់តំបន់ផងនិងពិភពលោកផង។

សម្តេចថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោផ្ទាល់ ទៅកាន់មីយ៉ាន់ម៉ានោះ គឺទី១-ដើម្បីជំរុញឱ្យមានការឈប់បាញ់គ្នា, ទី២-ចង់ឱ្យមានការជួយផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងតែត្រូវការ និងទី៣-ជំរុញឱ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែពុំទទួលបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា “យើងត្រូវតែមានការអត់ធ្មត់នឹងប្រឹងប្រែងបន្តទៀត” ៕ ដោយ៖ រិន ចំរើន