ភ្នំពេញ ៖ ក្រោយទើបក្លាយជារដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជំនួសលោក វេង សាខុន លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន បានចេញសេចក្តីណែនាំពីការធានានិរន្តរភាពការងាររបស់ក្រសួងកសិកម្ម ។
សេចក្តីណែនាំបានផ្តោតលើ៣ចំណុចធំៗដូចជា ៖ ១-
គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម ត្រូវបន្តអនុវត្តតាម មុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សា និងការពាររាល់ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព តាមការកំណត់នៃបទប្បញ្ញត្តិជាធរមាន ។
២- ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវថែរក្សា និងការពារ ឯកសារទាំងអស់ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្រ្តីថ្មី ដែល នឹងត្រូវបានតែងតាំង និងចូលកាន់ដំណែងនាពេលខាងមុខ ។ ចំពោះមុខ ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវប្រគល់ត្រារបស់ក្រសួង មកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះ រហូតដល់រដ្ឋមន្រ្តីថ្មី ត្រូវបាន តែងតាំងចូលកាន់តំណែងជាផ្លូវការ ។
និង៣- ចំពោះឯកសារ ឬលិខិតបទដ្ឋានគតិយុត្តដែលត្រូវការនូវការពិនិត្យ និងការសម្រេចរបស់រដ្ឋមន្ត្រីស្តីទី, ខុទ្ទកាល័យ និងថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម ត្រូវបញ្ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ត្រូវបានឡើងជារដ្ឋមន្រ្តីស្តីទីនៃក្រសួងកសិកម្មថ្មីជំនួស លោក វេង សាខុនដែលត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង កាលពីល្ងាចថ្ងៃ៨ តុលា៕ ដោយ៖ រិន ចំរើន