បន្ទាយមានជ័យ៖ ជាញឹកញាប់គេតែងសង្កេតឃើញកូនចៅរបស់សម្តេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខកងទ័ពនៅគ្រប់ច្រកល្ហក និង បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើ ប្រាស់ជាច្រើនចែកជូនកងទ័ព ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងជាការចុះជួបស្វែងយល់ទុក្ខលំបាក និង លើកទឹកចិត្តកងទ័ពដែលខិតខំការពារទឹកដី និងទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែន។
ជាក់ស្ដែង កាលពីថ្ងៃទី០៨តុលាឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅអង្គភាពចំណុះយោធភូមិភាគទី៥នៅទីបញ្ជាការដ្ឋាន កងពលតូចថ្មើជើងលេខ៥១ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
លោក ហ៊ុន ម៉ានី បានថ្លែងនៅចំពោះមុខកងទ័ពថា កងកម្លាំងទាំងអស់ បានគោរពនិងទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់និងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ដែលជាកត្តាកំណត់ជោគជ័យក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានរំលេចដែរថា «ការដែលសម្តេចតេជោ បញ្ជូនកូនៗឱ្យមកសួរសុខទុក្ខកងទ័ព ដោយផ្ទាល់នេះ គឺជាការបណ្តុះស្មារតីឱ្យកូនៗគោរព និងស្រឡាញ់កងទ័ព និងផ្សារភ្ជាប់ខ្លួនទៅនឹងការងារ»។
បើតាម លោក ហ៊ុន ម៉ានី កងកម្លាំងទាំងអស់មានគុណសម្បត្តិខ្លាំងណាស់ តែងតែចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជួយធ្វើស្រែ ដាំដំណាំ ជួយសង្រ្គោះពីមហន្តរាយធម្មជាតិផ្សេងៗនិងក្នុងដំណាក់ចុងក្រោយនេះកងកម្លាំងប្រដាប់អាវុធជាផ្នែកស្នូលមួយក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕
ដោយ៖ គង់ សេដ្ឋាមុនី