កំពង់ធំ៖ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងទេសាទខេត្តកំពង់ធំ បានឱ្យដឹង នៅល្ងាចថ្ងៃសុក្រទី០៧ខែតុលា ឆ្នាំ២០២២ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំបានជន់ឡើងយ៉ាងគំហុក ហើយនៅពេលនេះទឹកមិនទាន់ស្រកចុះនៅឡើយទេជាពិសេសទឹកស្ទឹង សែនធ្វើប៉ះពាល់និងខូចខាតដំណាំស្រូវនិងផលដំណាំផ្សេងៗរាប់ម៉ឺនហិកតា។
គិតត្រឹមថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ផ្ទៃដីស្រូវរដូវវស្សាសរុបចំនួន២៧៣៤៨ហិកតា បានប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងនោះខូចខាតអស់ចំនួន៩៥១៥ហិកតាលើ០៩ក្រុង ស្រុកចំនួន៥៩ឃុំ សង្កាត់ ស្មើនឹង១៥២២៣គ្រួសារ។ ផ្ទៃដីស្ដារឡើវិញបានចំនួន២៦៧ហិកតា។
មន្ត្រីដដែលបានឱ្យដឹងទៀតថា ស្រុកបារាយណ៍ ប៉ះពាល់ផ្ទៃដីចំនួន១០៥៨ហិកតា ក្នុងនោះខូចខាតចំនួន៥១១ហិកតា។ ស្រុកកំពង់ស្វាយ ប៉ះពាល់ផ្ទៃដីចំនួន ៦៣៨១ហិកតាខូចខាតអស់ចំនួន ៤៥៥៤ហិកតា។ ក្រុងស្ទឹងសែន ប៉ះពាល់ផ្ទៃដីចំនួន ១៨១៨ហិកតា ក្នុងនោះខូចខាតអស់ចំនួន៤៥១ហិកតា ផ្ទៃដីស្ដារឡើងវិញបានចំនួន១៥ហិកតា។ ស្រុកប្រាសាទបល្ល័ង្ក ប៉ះពាល់ផ្ទៃដីចំនួន៣១៥៣ហិកតា។ស្រុកប្រាសាទសំបូរ ប៉ះពាល់ផ្ទៃដីចំនួន៩៥៧ហិកតា ខូចខាតអស់ចំនួន៥៩៥ហិកតា។ ស្រុកសណ្តាន់ ប៉ះពាល់ផ្ទៃដីចំនួន២៦៩៦ហិកតា ខូចខាតចំនួន ៩២៥ហិកតា។ ស្រុកសន្ទុក ប៉ះពាល់ផ្ទៃដីចំនួន១៤៦២ហិកតាក្នុងនោះខូចខាតចំនួន១០៥៣ហិកតា។ ស្រុកស្ទោង ប៉ះពាល់ផ្ទៃដីចំនួន ១០២២ហិកតា ក្នុងនោះខូចខាតចំនួន៨៩២ហិកតា។
ស្រុកតាំងគោក ប៉ះពាល់ផ្ទៃដីចំនួន ១០២២ហិកតាខូចខាតចំនូន ៥៣៤ហិកតានិងស្ដារឡើងវិញបានចំនួន២៥២ហិកតា។
គ្រោះទឹកជំនន់នេះផងដែរបានធ្វើឱ្យផលដំណាំរួមផ្សំផ្សេងៗមានដំឡូងមីប៉ះពាល់ចំនួន៨៣៧ហិកតាក្នុងនោះខូចខាតអស់ចំនួន២៦៣ហិកតានិងបានប៉ះពាល់ផលដំណាំផ្សេងៗទៀតចំនួន៤៥ហិកតាក្នុងនោះខូចខាតអស់ចំនួន១៤ហិចតា។
នៅរដូវវស្សាឆ្នាំ២០២២នេះ ការងារបង្កបង្កើនផលស្រូវរបស់កសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ សម្រេចបានចំនួន ១៨៤០៤៧ហិកតាស្មើនឹង៨៦,២៩ភាគរយ នៃផែនការ ២១៣.៣០០ហិកតា ទាបជាងឆ្នាំមុនចំនួន ៤៥៧២២ហិកតា និងបានដាំដំណាំផ្សំផ្សេៗក្នុងរដូវវស្សាបានចំនួន៦៣៧១១ហិកតា៕ ដោយ៖ គង់ សេដ្ឋាមុនី