ខ្លោងទ្វារតាកាវ នឹងក្លាយជាទិសដៅទេសចរណ៍ថ្មីមួយទៀត នៅអង្គរធំ

 

សៀមរាប៖ ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥ នៃក្រុងអង្គរធំ។ ខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនា បន្ទាបពីបញ្ចប់ការជួសជុលទាំងស្រុង។ នេះបើតាមការផ្សាយលើហ្វេសប៊ុករផ្លូវការបស់អាជ្ញាធរជាតិអប្សរា។

តាមរយៈការផ្សាយនេះ បានឱ្យដឹងថា ខ្លោងទ្វារតាកាវ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ បានបណ្តាលឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ជាពិសេសកំពូលខ្លោងទ្វារដែលមានមុខព្រហ្មទាំងបួនទិស រួមទាំងសំណង់ជាប់សងខាងនៃខ្លោងទ្វារ ថ្មបានក្រៀក រំកិលចេញពីទីតាំងដើមដោយអន្លើ។

ប្រភពដដែល បានបន្ថែមទៀតថា ថ្មមួយចំនួនបានជ្រុះធ្លាក់មកក្រោមផង ដែលទាមទារឱ្យមានការទល់ទ្របណ្តោះអាសន្នជាចាំបាច់ និងបានប្រើខ្សែកាបរឹតផង អស់រយៈពេលជាង១០ឆ្នាំ នៅតែមានហានិភ័យខ្ពស់ដោយសារឈើទ្រនល់ពុកផុយ កាបធូររលុង ឬសឈើដុះឬសជ្រែកហែកកាន់តែធំឡើង។

នាពេលនេះ បានវិលត្រឡប់ទៅរកភាពល្អស្អាត រឹងមាំ និងមានសោភ័ណភាពពេញលេញវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានចំណាយអស់រយៈពេលប្រមាណជិត២ឆ្នាំដើម្បីជួសជុល។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ខ្លោងទ្វារទាំងមូលនេះ បានសង្រ្គោះឱ្យរួចផុតពីហានិភ័យផ្សេងៗ ក្រោមជំនួយពីលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានធ្វើការជួសជុល ដើម្បីលើកតម្លៃឱ្យខ្លោងទ្វារនេះ នៅឈររឹងមាំ ជាខ្លោងទ្វារការពារក្រុងអង្គរធំ។

សូមជម្រាបជូនថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ ភាគខាងលិចនៃក្រុងអង្គរធំនេះ តាំងតែពីចុងខែកុម្ភ: ឆ្នាំ២០២១ រហូតមកដល់អំឡុងខែតុលា ឆ្នាំ២០២២នេះ គឺបានសម្រេចប្រមាណ៩៧ភាគរយ។

ដោយឡែក នៅសេសសល់តែការកែសម្រួលថ្មភក់ថ្មី ដែលបានជំនួសថ្មចាស់ដែលបាត់បង់ឬខូចគុណភាព។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការរុះរើរន្ទារចេញជាបណ្តើរៗ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។

សូមរំលឹកជូនថា ខ្លោងទ្វារតាកាវ ត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត។ នៅពេលមានជនណាម្នាក់បានប្រព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារដោយជីករណ្តៅកប់និងយកដី ឬថ្មកប់កគ្របពីលើ៕ ដោយ៖ ឆឹម ទិត