ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចាត់ទុកកេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាបន្សល់ទុកពីសម័យសង្គ្រាមរាប់ទសវត្សរ៍ និងជម្លោះផ្ទៃ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះច្រើន។
នេះជាការលើកឡើងរបស់សម្តេច ទៀ បាញ់ នៅឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ នៅថ្ងៃ៧ តុលា នៅខេត្តកំពង់ស្ពឺ។
បញ្ហាគ្រាប់មីននេះ សម្តេចបានបន្តលើកឡើងទៀតថា ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ រាជរដ្ឋាភិបាលបានកំណត់យកសកម្មភាពកំចាត់មីនជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ហើយបានចាត់ទុកវិស័យសកម្មភាពកំចាត់មីន ជាគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។
សម្តេចថា ជាក់ស្តែង ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធទិវាការយល់ ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នករស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន។
រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តខ្ពស់បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយទុកសកម្មភាពមីនជាអាទិភាពមួយដ៏សំខាន់ក្នុងគោលដៅអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ជាក់ស្ដែងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន «២០១៨-២០២៥» បានឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយដែលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវដោះស្រាយ ដើម្បីអភិវឌ្ឍន៍ និងផ្តល់សុវត្ថិភាពដល់ប្រជាជនគ្រប់រូប។ ការកសាងផែនការយុទ្ធសាស្ត្រ គឺផ្អែកលើយុទ្ធសាស្ត្រដែលមានពីមុនក៏ដូចជាចំណេះដឹងនឹងបទពិសោធន៍ដែលកម្ពុជាឆ្លងកាត់រយៈពេលកន្លងទៅ «១៩៩២-២០២២»៕
ដោយ៖ រិន ចំរើន