សៀមរាប៖ ឧត្តមមន្ត្រីបរិស្ថានមីយ៉ាន់ម៉ា លោកបណ្ឌិត San Oo អគ្គនាយករង នៃក្រសួងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ា ជាប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សារបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាននៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះដោយ ផ្តោតទៅលើ៖ ១)សេចក្តីព្រាងរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣១ ឆ្នាំ២០២០,២)សេចក្តីព្រាងរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣២ ឆ្នាំ២០២១ និង៣)សេចក្តីព្រាងរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានលើកទី៣៣ ឆ្នាំ២០២២។
សូមបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០៥ ខែតុលាខាងមុខ គឺជាពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្លូវការ នៅលើទឹកដីអង្គរ នៃខេត្ដសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំ និងឧត្តមមន្រ្តីបរិស្ថានមកពីប្រទេសដែលជាសមាជិកអាស៊ានទាំង១០ព្រមទាំងប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។
ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន បូក៣ បូកចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលប្រទេសរដ្ឋសមាជិកអាស៊ានបានឯកភាពគ្នានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ និងបន្តពង្រឹងពង្រីកភាពជាដៃគូរវាងអាស៊ាន បូក៣ ឱ្យកាន់តែល្អប្រសើរថែមទៀតតាមតម្រូវការក្នុងក្របខ័ណ្ឌនៅក្នុងតំបន់លើវិស័យបរិស្ថាន។
ក្នុងនោះដែរ ក៏មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន-អាមេរិក និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុបផងដែរ ដើម្បីពិភាក្សាគ្នាស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប៕
ដោយ៖ គង់ សេដ្ឋាមុនី