កម្ពុជាបង្ហាញអំពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុស

ភ្នំពេញ៖ កម្ពុជាបង្ហាញអំពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុស និងរៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា និង ស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាអាចឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត។

ផែនទីបង្ហាញផ្លូវដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុស ត្រូវបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិ ស្តីពីបច្ចុប្បន្នភាពនៃសារធាតុអាសបេស្តុស នៅកម្ពុជា រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នារបស់អង្គការ អាហ្វីដា និងអង្គការILO/Japan តាមរយៈគម្រោងលើកកម្ពស់ ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងិស័យសំណង់នៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី0៤ ខែតុលា ឆ្នាំ២០២២។

លោក អ៉ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ គូសបញ្ជាក់ថា អាសបេស្តុសគឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិដ៏រឹងមាំ និងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោក នៅក្នុងផលិតផលជាងបីពាន់មុខ ជាពិសេសនៅក្នុងវិស័យសំណង់ ផលិតផលកកិត សម្ភារទប់កំដៅ និងវាយនភណ្ឌមួយចំនួន។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅនឹងភស្តុតាងនៃផលប៉ះពាល់មកលើសុខភាពមនុស្ស តាមរយៈការដកដង្ហើមដោយសារតែស្រូបសរសៃអាសបេស្តុសនេះ ដែលបង្កទៅជាជំងឺ រួមមាន៖ ជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួត មហារីកសួត មហារីកបំពង់ក និងមហារីកអូវែ និងជំងឺមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសដទៃទៀត ដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។ បើគិតត្រឹមឆ្នាំ២០២១ គឺមានចំនួន ៦៧ប្រទេស ហើយដែលបានហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្តុសគ្រីសូថាយ៍ ដោយបានប្រើប្រាស់ផលិតផលផ្សេងជំនួសវិញដែលមានសុវត្ថិភាពជាង។

ជាមួយគ្នានេះ លោក Pablo Kang អគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានលើកឡើងថា សារធាតុអាសបេស្តុសពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជា បង្កឱ្យកើតមានជំងឺមហារីកសួត បំពង់កជាដើម តាមរយៈការប្រើប្រាស់របស់របរផ្សេងៗដោយមិនដឹងខ្លួន។ ខណៈមនុស្សមួយចំនួនបានអះអាងថា ការប្រើប្រាស់សារធាតុនេះមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ តែវាផ្ទុយស្រលះពីការគិត របស់ពួកគាត់ទៅវិញ។

អគ្គរាជទូតរូបនេះ សង្ឃឹមថា តាមរយៈកម្មវិធីផ្សព្វផ្សាយក្នុងថ្ងៃនេះ នឹងជំរុញឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់និងស្វែងយល់សិក្សាឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយដល់ការប្រើប្រាស់នូវសារធាតុអាសបេស្តុសនេះ។

ក្នុងឱ្យនេះផងដែរ លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរ ដល់រដា្ឋភិបាលកម្ពុជា ដែលបានសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត នូវសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុស ជាលើកទី២ ដែលបានដាក់ឲ្យផ្សព្វផ្សាយ និងប្រើប្រាស់ចាប់ពីថ្ងៃនេះទៅ។ នេះជាការខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងារ កសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្រងព័ត៌មាននេះ ដែលឲ្យអ្នកពាក់ព័ន្ធអាចធ្វើការកំណត់បាននូវអាទិភាព ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការប្រើប្រាស់នូវសារធាតុអាសបេសស្តុសនៅកន្លែងធ្វើការ។ ដោយ៖ សាន សៀងហៃ