(ហ្សាការតា)៖ សមត្ថកិច្ចឥណ្ឌូនេស៊ី បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១២៩នាក់បានស្លាប់បាត់បង់ជីវិត និង២០០នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ចលាចលនិងការប្រើអំពើហិង្សាដែលកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ទី១ តុលាម្សិលមិញនេះ ក្រោយការប្រកួតបាល់ទាត់ក្របខណ្ឌលីដរបស់ប្រទេសឥណ្ឌូណេស៊ីរវាងក្រុមបាល់ទាត់ធំៗចំនួនពីរ។
ដើមចមនៃហេតុការណ៍នេះ គឺដំបូងឡើយអ្នកគាំទ្រក្រុម Arema FC និងគូប្រជែងមកពីក្រុម Persebaya Surabaya បានប៉ះទង្គិចគ្នា បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema FC បានចាញ់ការប្រកួតក្នុងលទ្ធផល 3-2 នៅក្នុងការប្រកួតនៅទីក្រុង Malang ខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី។
មេប៉ូលីសខេត្ត East Java លោក Nico Afinta បាននិយាយក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះថា អ្នកគាំទ្រមកពីក្រុមចាញ់បានចូលមកអុកឡុកនៅក្នុងទីលានប្រកួត ហើយប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កឱ្យមានការរត់ជាន់គ្នាដែលនាំឱ្យមានករណីថប់ដង្ហើម។ តែទោះបីជាយ៉ាងណាក៏ដោយ លោក ថា ដំបូងឡើងគឺអ្នកទាំងនោះចាប់ផ្តើមអុកឡុកមុន។
លោក បានបន្តថា ចាប់តាំងពីឧបទ្ទវហេតុកាលពីថ្ងៃសៅរ៍បានកើតឡើង មនុស្សចំនួន ១២៧ នាក់បានស្លាប់ រួមទាំងសមាជិកប៉ូលីសពីរនាក់ផងដែរ។ លោកបានបន្ថែមថា មនុស្សជិត ២០០ នាក់ក៏បានរងរបួសដែរ។
វីដេអូដែលបានថតចេញពីខាងក្នុងកីឡដ្ឋានរហូតដល់យប់ ហើយត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឃើញថា អ្នកគាំទ្រស្លៀកពាក់ក្រហម និងខៀវ បានសម្រុកចូលទីលាន និងប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខឥណ្ឌូនេស៊ី ដែលមើលទៅហាក់ដូចជាពាក់ឧបករណ៍កុបកម្ម។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីកីឡា និងយុវជន លោក Zainudin Amali បានលើកឡើងថា លោកបានស្នើឱ្យមានការស៊ើបអង្កេតពេញលេញលើសោកនាដកម្មនេះ ដើម្បីកំណត់ភាគីដែលទទួលខុសត្រូវនៅក្នុងហេតុការណ៍ដ៏សោកនាដកម្មមួយនេះ។ លោក ថា លោកកំពុងសម្របសម្រួលជាមួយអគ្គស្នងការនគរបាលជាតិ និងប្រធានសហគមន៍បាល់ទាត់ឥណ្ឌូនេស៊ី នឹងចុះផ្ទាល់ទៅកាន់ទីលានកីឡដ្ឋានក្នុងទីក្រុង Malaang តែម្តង៕ ដោយ៖ឧត្តម