ភ្នំពេញ៖ ក្រសួងការពារប្រទេស កម្ពុជា-រុស្ស៊ី ប្រកាសបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធា លើវិស័យហ្វឹកហ្វឺន សំដៅលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យកាន់តែ ប្រសើរឡើងថែមមួយកម្រិតទៀតសម្រាប់ឆ្នាំ២០២២ និងឆ្នាំខាងមុខៗទៀត ។
ការប្រកាសបន្តរវាង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហព័ន្ធរុស្សី ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ គឺជាការបោះមួយជំហានទៀតនៃកិច្ចសហប្រតិបត្តិការយោធា ក្រោយវិបត្តិកូវីដ-១៩ ជាសកលមានភាពធូរស្រាលឡើងវិញ។
លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី អះអាងថា ទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា គឺជាទំនាក់ ទំនងដ៏ល្អ ដែលមានជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ គិតមកទល់ពេលនេះគឺមានរយៈពេល៦៦ឆ្នាំ។
សម្តេច ទៀ បាញ់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល កងទ័ព ក៏ដូចជាប្រជាជនរុស្សី ដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍៨០ ដែលកម្ពុជាពេលនោះកំពុងតែជួបវិបត្តិជាច្រើន បន្ទាប់ពី រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។
សម្ដេចបានបញ្ជាក់ថា កាលនោះមានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជា ក្នុងសម័យនោះ។ ប៉ុន្តែរុស្ស៊ីជាមិត្តដែលបានជួយកម្ពុជារហូតមក។ នៅក្នុងជំនួយដែលរុស្ស៊ីកាលនោះ ជាអតីតសហភាពសូវៀត បានជួយគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗ សម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឱ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ ។
លើសពីនេះទៅទៀត សម្តេច ទៀ បាញ់ ក៏បានសម្ដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ កូវីដ-១៩ ហើយបានរួមចំណែកផ្ដល់នូវវ៉ាក់សាំងមួយចំនួនធំដល់កម្ពុជា ថែមទៀតផង៕
ដោយ៖ គង់ សេដ្ឋាមុនី