អភិបាលខេត្តព្រះសីហនុ ចេញសារជាបន្ទាន់មួយឱ្យប្រជានេសាទ និងភ្ញៀវទេសចរ ឡើងគោក ឬកោះ

ព្រះសីហនុ៖ ក្នុងនាមជាអ្នកគ្រប់គ្រងមើលការខុសត្រូវ ក្នុងទឹកដីខេត្តព្រះសីហនុទាំងមូល លោ​ក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានផ្ញើសារជាបន្ទាន់មួយជាង២នាទី នារសៀ​ល​ថ្ងៃ​ទី​​២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីឱ្យមន្រ្តីជំនាញពាក់ព័ន្ធរិះរកគ្រប់មធ្យោបាយ ប្រា​ប់​ទៅ​ដ​ល់​ប្រជានេសាទ និងភ្ញៀវទេសចរកំពុងស្ថិតនៅក្នុងលម្ហសមុទ្រឱ្យឡើងមកគោក ឬកោះ ជា​ប​ន្ទាន់។

ក្នុងសារជាសំឡេងជាង២នាទី បង្ហោះក្នុងរដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បា​ន​ស​ង្ក​ត់​ធ្ងន់ឱ្យអ្នកពាក់ព័ន្ធ ជួយណែនាំប្រជាពលរដ្ឋ ប្រជានេសាទ អ្នកដំណើរ ម្ចាស់ទូក កាណូត​ផ្អា​ក​ការធ្វើដំណើរនៅលើផ្ទៃសមុទ្រ ឬទៅតាមកោះ ដែលអាចជួបហានិភ័យកើតឡើង។

មួយទៀត លោកថា ចំពោះអ្នកនេសាទ ពេលបានចេញទៅនេសាទនៅតាមកោះ ឬ​នៅ​ក្នុ​ង​លម្ហ​សមុទ្រ ត្រូវខិតខំរកមធ្យោបាយជូនដំណឹងទៅឱ្យពួកគាត់ ដើ​ម្បី​បា​ន​ទៅ​រ​កទីទួល​សុ​វ​ត្ថិ​ភា​ព តាមកោះ ឬលើគោកវិញទាន់ពេលវេលា ហើយត្រូវត្រៀមឧបករណ៍ការពារសុវត្ថិភាព ដូ​ច​ជា​​អាវពោងជាដើម ក្នុងពេលធ្វើដំណើរមកកាន់ដីគោក ឬដីកោះ ។

សូមបញ្ជាក់ថា ការចេញសារជាប្រញាប់នេះ ក្រោយពីក្រសួងធនធានទឹក ប្រកាសថា កម្ពុ​ជា​នឹ​ង​បន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលបណ្តា​លឱ្យមាន​ភ្លៀ​ង​ធ្លា​ក់​ក្នុ​ង​ក​ម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅ​លើផ្ទៃ​សមុ​ទ្រ​នឹ​ង​អាចមានភ្លៀងលាយឡំនឹងខ្យល់បក់បោកខ្លាំង បន្តរហូតដល់ថ្ងៃ៣០ កញ្ញា ខាងមុខ៕

ដោយ៖ គង់ សេដ្ឋាមុនី