ក្រុមអ្នកអភិរក្សរកឃើញសម្បុកក្រៀល២សម្បុក និងកូន៤ក្បាលនៅដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ ប្រភពពីអង្គការ Nature Life កាលពីទី២៧ ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ថា ក្នុងខែកញ្ញានេះសត្វក្រៀលជាបក្សីដែលកំពុងរងគ្រោះបំផុតជិតផុតពូជនោះ បាននិងកំពុងមានវត្ត​មា​ន​នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

រដូវវស្សាជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា(Nature Life Cambodia)បានចុះអង្កេតតាមដានស្វែងរកសម្បុកពងកូនរបស់ពួកវា នៅក្នុងដែ​ន​ជម្រកសត្វព្រៃលំផាត់ តាមវិធីសាស្រ្ត និងកាលវិភាគដែលបានចែងក្នុងពិធីសារអង្កេតតាមដាន។

ជាលទ្ធផលនៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន២សម្បុក សម្បុកទី១ដែលបានរកឃើញមានកូនចំនួន២ក្បាល ដែលមានអាយុ៤ថ្ងៃ និង សម្បុកទី២មានកូនចំនួន២ក្បាល មានអាយុប្រមាណ៣០ថ្ងៃ សរុបមានកូនចំនួន៤ក្បាល។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារក៏បានរកឃើ​ញ​សម្បុកពងកូនរបស់សត្វក្រៀលចំនួន១សម្បុកផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយសម្បុកដែលបា​នរកឃើញនោះត្រូវបានបំផ្លាញ។

សម្រាប់រដូវពងកូន ឆ្នាំ២០២២ យើងបានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន៣សម្បុកហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា នេះបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ គឺដើរតួយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ ៕ ដោយ៖ គង់ សេដ្ឋាមុនី