(ឥណ្ឌូនេស៊ី)៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា លោកស្រី ស្យូលា ស៊ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក បានសន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ដល់កម្ពុជា(Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍នៅកម្ពុជា។
ការសន្យានេះគឺធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៊ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក ក្នុងឱកាសដែលលោក ថោង ខុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។
បើតាមក្រសួងទេសចរណ៍ ក្នុងជំនួបនោះ លោកស្រី ស្យូលា ស៊ីមផ៍សុន ក៏បានសន្យាផ្ដល់ការគាំទ្រដល់ក្រសួងទេសចរណ៍កម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធមូលដ្ឋានធានាចីរភាពក្នុងសេវាកម្មសណ្ឋាគារ (Hotel Sustainability Basics)ផងដែរ។
បន្ថែមពីនេះទៀត ស្ថាប័នមួយនេះ ក៏នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត និងផ្ដល់កិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថលដល់កម្ពុជាផងដែរ។
សូមជម្រាបជូនថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាអាចឈានដល់១.២៥លាននាក់ ក្នុងកំណើន៨៥០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕