(តូក្យូ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជួបលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយាលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅចំពោះមុខនាយករដ្ឋមន្រ្តីជប៉ុន និងភរិយាលោក អាបេ សម្តេចតេជោបានសម្តែងការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុតចំពោះមរណភាពលោក អាបេ។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការរបស់សម្តេចតេជោនៅថ្ងៃទី២៧ កញ្ញានេះ។
ក្នុងជំនួបនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា លោក អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ សម្តេចថា លោក អាបេ ជាមេដឹកនាំមួយរូប ដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់កម្ពុជា។
សូមរំលឹកជូនថា លោក អាបេ ស៊ីនហ្សូ មានអាយុ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងម្នាក់មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ កំលុងពេលរូបលោកកំពុងថ្លែងសុន្ទរកថា ក្នុងការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយ នៅឯទីក្រុងណារ៉ា ហើយភ្លាមៗនោះមុនខ្មាន់កាំភ្លើង ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕ ដោយ៖ ឧត្តម