ភ្នំពេញ៖នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទីបានស្នើដោយត្រង់ទៅកាន់ភាគីចិនឱ្យជួយកម្ពុជាលើការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបមេក្លោងក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ខណៈដែលអាជ្ញាធរកម្ពុជាបាននឹងកំពុងដុតដៃដុតជើងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុងប្រទេស។
ក្នុងជំនួបជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានៅថ្ងៃទី២៧ កញ្ញានេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីជំរុញដល់ដំណើរការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតយន្តការសំខាន់ៗ រួមមានការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បប់ ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជាផងដែរ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា កម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារការឆ្លៀតឱកាសកេងប្រយោជន៍ពីចំណុចខ្វះខាតមួយចំនួនពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស។
ពាក់ព័ន្ធនឹងការងារនេះ លោក វ៉ាង វិនធាន បានអរគុណចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជា ដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះក្នុងករណីកន្លងមក និងសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។ លោកថា ភាគីចិនក៏ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម បានអរគុណចំពោះការប្ដេជ្ញាចិត្តរបស់ភាគីចិន នៅក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនេះ ដោយចាត់ទុកថាជាមូលដ្ឋានរឹងមាំនិងសំខាន់មិនអាចខ្វះបាន ដើម្បីរួមគ្នាក្នុងក្នុងបេសកកម្មនេះ ព្រមទាំងលុបបំបាត់ការផ្សព្វផ្សាយនានាដែលខុសពីភាពជាក់ស្ដែងនៅកម្ពុជា៕ ដោយ៖ ឧត្តម