អាមេរិក៖ អង្គជំនុំជម្រះកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា(តុលាការខ្មែរក្រហម) កាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២២ បានសម្រេចតម្កល់ការផ្តន្ទាទោសអស់មួយជីវិតលើអតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណឺវ។ រឿងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកមកប្រកាសប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ជាការប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ។
ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(យូអិន)លើកទី៧៧ នៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មួយវិញទៀតសេចក្តីសម្រេចរបស់តុលាការខ្មែរក្រហមនេះដែរ ក៏ការផ្សព្វផ្សាយដល់ពិភពលោកថា ឧក្រិដ្ឋកម្មបែបនេះមិនគួរកើតឡើងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិឡើយ។
សម្តេចតេជោ បានបន្តថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខាងលើនេះគឺបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងអង្គការសហប្រជាជាតិ តាមរយៈសាលាក្តីកូនកាត់នៅក្នុងការនាំមកនូវយុត្តិធម៌ដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជនជាតិឯង។
ជាមួយគ្នានេះសម្តេចតេជោ ក៏អរគុណចំពោះប្រទេសផ្តល់ជំនួយទាំងឡាយ ដែលបានផ្តល់ថវិកាគាំទ្រ និងអរគុណចំពោះជនរួមជាតិកម្ពុជាទាំងអស់នៅក្នុងការសហការពង្រឹងដំណើរការផ្សះផ្សាជាតិ៕ ដោយ៖ ឧត្តម