អាមេរិក៖ ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(យូអិន)លើកទី៧៧ នៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ានកម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ក្នុងនោះកិច្ចខិតខំប្រឹងប្រែងសំដៅស្វែងរកបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមួយនេះ។
ព្រមជាមួយគ្នានេះ ការនាំមកនូវជំនួយមនុស្សធម៌ដល់ប្រជាជនខ្វះខាត និងការស្វែងរកការបញ្ចប់អំពើហិង្សា និងការស្វែងរកការកសាងទំនុកចិត្តក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ សំដៅបើកឱ្យមានការសន្ទនានយោបាយរួមមួយ ដូចដែលបានកំណត់ដោយកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ ចំណុចរបស់អាស៊ាន។
សម្តេចតេជោ គូសបញ្ជាក់ថា ពិតណាស់ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពគួរឱ្យព្រួយបារម្ភ ដែលអាចបង្កជាផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាពនៃតំបន់ទាំងមូល។ តែទោះបីជាយ៉ាងនេះក្តី យើងត្រូវតែទទួលស្គាល់វិបត្តិមួយនេះ គឺស្មុគស្មាញជាមួយនឹងមូលហេតុដែលចាក់ឬសយ៉ាងជ្រៅ។
សូមរំលឹកជូនថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដាក់ឱ្យរបបសឹកភូមាអនុវត្តនោះ រួមមាន ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់។ លើសពីនេះ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ជាមួយគ្នានេះ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួលនៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ចំណុចមួយទៀត អាស៊ានត្រូវផ្ដល់ជំនួយមនុស្សធម៌ និងចុងក្រោយ ប្រេសិតពិសេសនិងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕ ដោយ៖ ឧត្តម