ភ្នំពេញ៖ គណៈមេធាវីកម្ពុជានៅថ្ងៃទី២៣ កញ្ញានេះ បានសេចក្តីប្រកាសព័ត៌មានប្រកាសគាំទ្រ និងចូលរួមអបអរសាទរ ចំពោះការប្រកាសសាលដីការបស់តុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងសំណុំរឿង០០២/០២ ដែលសម្រេចតម្កល់ការកាត់ទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត កាលពីថ្ងៃទី២២ កញ្ញាម្សិលមិញនេះ។
គណៈមេធាវីកម្ពុជា បានបញ្ជាក់ថា សាលដីកានេះបានដាក់ទោសចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបានផ្ដល់យុត្តិធម៌សម្រាប់ប្រជាជនទាំងអស់ ដែលរងគ្រោះក្នុងរបបដ៏ខ្មៅងងឹតនេះ ថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវសារសំខាន់ នៃការរួមគ្នារក្សា និងការពារសន្តិភាពដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងសេចក្ដីសុខសាន្តរបស់ប្រជាជនកម្ពុជា។
ពាក់ព័ន្ធនឹងសំណុំរឿងលោក ខៀវ សំផននេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានប្រកាសសាលដីកា ដោយបានតម្កល់សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងដែលផ្តន្ទាទោសលោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដាក់ពន្ធនាគារអស់ ១ ជីវិត ពាក់ព័ន្ធបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើអមនុស្សធម៌ដទៃទៀត។
បើតាមលោកចៅក្រម គង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូល សម្រាប់បទឧក្រិដ្ឋដែលអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់ ១ ជីវិត គឺជារឿងសមស្រប។ សមស្របដោយសារតែរបបខ្មែរក្រហមបានសម្លាប់ពលរដ្ឋខ្មែរចន្លោះពី ១ លាន ២ សែននាក់ទៅ ជាង ២ លាននាក់។
លោកប្រកាសថា៖ «អង្គជំនុំជំម្រះតុលាការកំពូល សម្រេចតម្កល់ការដាក់ទោសដាក់ពន្ធនាគារអស់ ១ ជីវិត ជនជាប់ចោទ ខៀវ សំផនរបស់អង្គជំនុំជម្រះសាលាដំបូង និងប្រកាសថា ទោសដាក់ពន្ធនាគារអស់ ១ ជីវិត ក្នុងសំណុំរឿង ០០២/០២ នេះត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគារអស់ ១ ជីវិតក្នុងសំណុំ រឿង ០០២/០១»។
សូមរំលឹកជូនថា លោក ខៀវ សំផន គឺជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ ដែលនៅរស់រានមានជីវិត ដែលបច្ចុប្បន្នមានអាយុ ៩១ ឆ្នាំ កំពុងបន្តអនុវត្តនីតិវិធីជាប់ឃុំនៅមន្ទីរឃុំឃាំងបណ្តោះអាសន្ននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោក ត្រូវបានតុលាការខ្មែរក្រហម រកឃើញថា មានពិរុទ្ធភាព ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម និងជនជាតិចាម ខណៈលោកគឺជាអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។
ការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលនេះគឺផ្អែកលើសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានប្រកាសសាលក្រមកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨៕ ដោយ៖ ឧត្តម