សម្តេចតេជោលើកយកបញ្ហាសំខាន់បីមកជាជជែកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកយកបញ្ហាសំខាន់ចំនួនបីមកជជែកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី២២ កញ្ញាម្សិលមិញនេះ។ ក្នុងនោះរឿងតុលាការខ្មែរក្រហម,ប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ និងបញ្ហាពាក់ព័ន្ធនឹងក្របខណ្ឌអាស៊ាន។

ពាក់ព័ន្ធនឹងរឿងតុលាការខ្មែរក្រហម សម្តេចតេជោ គូសបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជ មួយនឹងអង្គការសហប្រជាជាតិ។ ជាក់ស្តែងតុលាការកូនកាត់មួយនេះ នៅថ្ងៃទី២២ ខែកញ្ញា បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍រួចរាល់ហើយ។

«សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម»។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ។

ឯាកមកបញ្ហាក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិវិញ សម្តេចតេជោ បានលើកឡើងថា កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ដោយឡែកពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន សម្ដេចបានអញ្ជើញ លោក Antonio Guterres ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។

ឆ្លើយតបនឹងការលើកឡើងខាងលើនេះ លោក Antonio Guterres បានសាទរចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ។ ដោយឡែកពាក់ព័ន្ធក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិវិញ លោកថា លោកពិតជារីករាយយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលបានចូលរួមក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិកន្លងទៅនេះ។

សម្រាប់កិច្ចប្រជុំអាស៊ានខាងមុខនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនោះ លោកនឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ ពីព្រោះកន្លងទៅនេះ លោកក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍ ដូច្នេះ លោកពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស លោកនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕ ដោយ៖ ឧត្តម