លោក សាយ វាសនា តំណាងព្រះរាជអាជ្ញាខេត្តកំពង់ធំ ចូលរួមកាន់បិណ្ឌវេនទី២ ជាមួយលោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល

កំពង់ធំ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារង តំណាងលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក ផូង វណ្ណ ប្រធានសាលាដំបូង នៅព្រឹកថ្ងៃទី២២ កញ្ញានេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ ជាមួយលោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកបណ្ឌិត ជីវ កេង ក៏បានជម្រាបជូន ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អំពីការរីកចម្រើនលើកគ្រប់វិស័យ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក បានបន្ថែមថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ នៅតាមទីវត្ត អារាមនានា។ ដូច្នេះ លោក ស្នើសុំឱ្យអាជ្ញាធរ សមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។

សូមជម្រាបជូនថា ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និង លោកស្រី ឆាយ ស៊ីណា, ក្រុមគ្រួសារ កូនចៅ សាច់ញាតិ ក៏បានចូលរួមជាបច្ច័យកសាងចំនួន ៩.០៥០ (ប្រាំបួនពាន់ហាសិបដុល្លារអាមេរិក) និងប្រាក់រៀលចំនួន ២លាន ៥ម៉ឺន រៀល។

បន្ថែមពីនេះលោកបណ្ឌិត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏បានប្រគេនជាបច្ច័យ និងសម្ភារៈមួយចំនួនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ រួមជាមួយនិងកងកម្លាំងប្រដាប់មួយចំនួនផងដែរ៕ សម្បត្តិ សំណាង