ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សមនុស្ស ក្រោមប្រធានបទ៖ ខ្ញុំ និងអ្នក យើងទាំងអស់គ្នា រួមគ្នាលើកកម្ពស់វប្បធម៌ផ្តល់ឈាមសង្រ្គោះជីវិត ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បុគ្គលិកវិមាន ៧មករា និងយុវជនស.ស.យ.ក ខណ្ឌជ្រោយចង្វារ ដែលជាអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារពាក់ព័ន្ធដែលបានសហការគ្នារៀបចំឱ្យមានកម្មវិធីនេះឡើង ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បុគ្គលិកវិមាន៧មករា និងសមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ ព្រមទាំងអ្នកស្ម័គចិត្តទាំងអស់ដែលបានចូលរួមធ្វើអំណោយឈាមនៅពេលនេះ។
លោក អ៊ុំ សារឹទ្ធ បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនៅពេលនេះ មានគោលបំណងសំខាន់ពីរគឺ ទី១-ធ្វើអំណោយឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ទី២-ចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម និងចូលរួមលើកកម្ពស់វប្បធម៌នៃការធ្វើអំណោយឈាម។ លោកសង្ឃឹមថា ការបរិច្ចាគឈាមនឹងក្លាយជាកិច្ចការមនុស្សធម៌មួយដ៏សំខាន់សម្រាប់ប្រជាជនយើងទូទៅរួមចំណែកធ្វើ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
លោក អ៊ុំ សារឹទ្ធ បានសង្កត់ធ្ងន់ថា ឈាមជាអំណោយដ៏មានតម្លៃ មិនអាចមានអ្វីមកប្រៀបបានឡើយ។ វិទ្យាសាស្ត្រមិនទាន់អាចផលិតឈាមបាននោះទេ។ ដូច្នេះហើយយើងត្រូវការជាចាំបាច់នូវការធ្វើអំណោយឈាមពីសប្បុរសជន ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដែលត្រូវការឈាម។ ការធ្វើអំណោយឈាម មិនត្រឹមតែជាការប្រោសជីវិតជនរងគ្រោះដែលត្រូវការការឈាមប៉ុណ្ណោះទ តែក៏ជាការប្រោសឱ្យមានក្តីសង្ឃឹម និងស្នាមញញឹមសម្រាប់ក្រុមគ្រួសារជនរងគ្រោះទាំងមូល ឱ្យរួចផុតពីទុក្ខនៃការបាត់បង់សមាជិកក្រុមគ្រួសារខ្លួន។ ជាងនេះទៀត ការផ្ដល់ឈាម ក៏ជាការជួយសង្គ្រោះធនធានមនុស្សជាតិយើងផងដែរ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តមន្រ្តី បុគ្គលិក ជាពិសេសយុវជនយើងទាំងអស់ ចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការធ្វើអំណោយឈាមដោយសុវត្ថិភាព ស្របតាមការណែនាំរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
បើតាមលោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ដូចជា៖ ការបរិច្ចាគឈាមម្តងមានចំនួនក្រើនរំលឹកសុខភាពម្តង ដឹងពីស្ថានភាពជំងឺផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ B ប្រភេទC ស្វាយ អេដស៍ ។ល។ ជួយកាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយកំហាប់ក្នុងឈាម ការលើសជាតិដែកដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ជួយធ្វើឱ្យប្រសើរឡើងសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ ជំងឺដាច់សសៃឈាមក្នុងខួរក្បាល៕
ដោយ៖ គង់ សេដ្ឋាមុនី